ក្រុមហ៊ុនចិនគ្រោងវិនិយោគសង់ផ្លូវហាវ៉េពីភ្នំពេញ-ប៉ោយប៉ែត


ក្រុមហ៊ុន SHOUGANG FUND របស់ប្រទេសចិនកំពុងសិក្សាគម្រោងកសងផ្លូវហាយវ៉េមួយខ្សែពីភ្នំពេញទៅប៉ោយប៉ែត។ នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំពិភាក្សាការងាររវាង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន SHOUGANG FUND កាលពីថ្ងៃទី២៩ មិថុនា ម្សិលមិញនេះ។

ក្នុងឱកាសនោះ លោក Ye Qian ប្រធានក្រុមហ៊ុនបានជំរាបជូនសម្ដេចអំពីគោលបំណងនៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងសិក្សាស្រាវជ្រាវដើម្បីឈានទៅកសាងផ្លូវហាយវ៉េមួយខ្សែពីភ្នំពេញទៅប៉ោយប៉ែត។

 

សម្ដេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ និងអបអរសាទរចំពោះគំរោងនៃការវិនិយោគទុននោះ សម្ដេចលើកទឹកចិត្តឲ្យក្រុមហ៊ុនទាក់ទងផ្ទាល់ជាមួយក្រសួងដែលមានការពាក់ព័ន្ធដើម្បីលើកសំណើជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។

សូមបញ្ជាក់នេះជាគម្រោងផ្លូវហាយវ៉េមួយបន្ថែមទៀត សម្រាប់ទុនវិនិយោគវិញមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ។ ផ្លូវហាយវ៉េនេះ គឺជាគម្រោងបន្ថែមពីគម្រោងផ្លូវហាយវ៉េភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិត និងដែរលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ៕