សម្ដេចក្រឡាហោម ស ខេង ដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។ សន្និបាតនេះត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពារ រែកពុនការងារនានាជាច្រើនប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការចូលរួមអនុវត្តដោយផ្ទាល់នូវវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

បើតាមសម្ដេចក្រឡាហោម ស ខេង អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទមានការថយចុះ ៦% ជាពិសេសបទល្មើសឧក្រិដ្ឋដែលជះឥទ្ធិពលប៉ះពាល់ដល់ចិត្តសាស្រ្តសង្គម ថយចុះដល់ទៅ១៤% ដោយលទ្ធផល នៃការបង្ក្រាបបទល្មើសនានាមានកម្រិតខ្ពស់រហូតដល់ ៩៣%។

ទន្ទឹមនេះយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសនានា ក៏ត្រូវបានចាត់ចែងអនុវត្តជាប្រចាំ ទោះបីជាត្រូវរំខានខ្លះៗ ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសសេដ្ឋកិច្ច អំពើជួញដូរមនុស្ស និងបទល្មើសផ្សេងទៀត។

ដោយឡែក សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅតាមទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ ត្រូវបានបន្តខិតខំយកចិត្តទុកដាក់ដោយផ្តោតជាសំខាន់លើការផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគោរពអនុវត្តច្បាប់ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ខណៈអ្នកស្លាប់ និងអ្នករងរបួស ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា បន្ទាប់ពីការបើកឲ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច សង្គម បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ហក់ស្ទុះឡើង បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស កើនឡើងគួរឲ្យព្រួយបារម្ភ។ ការផ្សព្វផ្សាយអប់រំលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងការណែនាំអំពីវិធានការបង្ការ ទប់ស្កាត់អគ្គិភ័យ ក៏បានអនុវត្តជាប់ជាប្រចាំ ធ្វើឲ្យហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យមានការថយចុះ ២៨% ដែលបានកាត់បន្ថយនូវភ័យន្តរាយបណ្តាលមកពីអគ្គិភ័យ ជាបន្តបន្ទាប់។

ការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាព ក៏ដូចជាការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងការជំរុញចលនាអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានធ្វើឲ្យប្រជាពលរដ្ឋគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន៕