កម្ពុជាលើកពីសក្តានុពលវិនិយោគ ទាក់ទាញវិនិយោគិនតួកគី ខណៈតួកគីចាប់អារម្មណ៍វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា


ក្នុងឱកាសនៃដំណើរទស្សនកិច្ចធុរកិច្ច នៅសាធារណរដ្ឋតួកគី ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយសហព័ន្ធសភាពាណិជ្ជកម្មតួកគី និងសហព័ន្ធធុរជនឧស្សាហកម្មតួកគីផងដែរ។

ក្នុងជំនួបនោះអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកយកនូវសក្តានុពលវិនិយោគរបស់កម្ពុជា ប្រាប់ដល់វិនិយោគិនរបស់តួកគី ដើម្បីទាក់ទាញពួកគេឲ្យមកវិនិយោគ និងស្វែងរកដៃគូវិនិយោគនៅប្រទេសកម្ពុជា។

ឧកញ៉ា លឹម ហេង បានលើកឡើងថា កម្ពុជាមានទីផ្សារទូលំទូលាយ ដោយកម្ពុជាបានចុះកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយចិន និងកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ការនាំផលិតផលកម្ពុជា ដោយមិនជាប់ពន្ធទៅកាន់អង់គ្លស និងទៅកាន់សហគមន៍អឺរ៉ុប (EBA) និង ការនាំចេញផលិតផលកម្ពុជាទៅសហរដ្ឋអាមេរិកក្នុងប្រព័ន្ធអនុគ្រោះពន្ធ (GSP)។ ក្រៅពីនេះ កម្ពុជាក៏កំពុងចរចារកិច្ចព្រមព្រៀងសេរី ជាមួយប្រទេសផ្សេងៗទៀត រួមទាំងសហគមន៍សេដ្ឋកិច្ចអាស៊ីអឺរ៉ុប។ ជាមួយគ្នានេះ ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្តខ្ពស់ ចំពោះវិនិយោគិនផងដែរ។

លោកបានបញ្ជាក់ថា «កម្ពុជាមានទីតាំងភូមិសាស្ត្រ ស្ថិតនៅចំនុចកណ្តាលនៃតំបន់អាស៊ាន ដែលមានប្រជាជនសរុបច្រើនជាង ៦០០ លាននាក់។ វិនិយោគិនតួកគីអាចបង្កើតរោងចក្រនៅកម្ពុជា និងនាំចេញទៅទីផ្សារអាស៊ាន និងពិភពលោក»

លោក Omer Zeydan សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសភាពាណិជ្ជកម្មតួកគី បានឲ្យដឹងថា សហព័ន្ធសភាពាណិជ្ជកម្មតួកគី ដែលមានក្រុមហ៊ុនសហគ្រាសជាសមាជិកចំនួន១លាន ៨ សែន និងមានសមាជិកជាប្រភេទសភាពាណិជ្ជកម្ម និងសមាគមចំនួន ៣៦៥។ តួនាទីចម្បងរបស់ សហព័ន្ធសភាពាណិជ្ជកម្មតួកគី (TOBB) គឺការចូលរួមកសាងគោលនយោបាយសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាពាក់ព័ន្ធធុរកិច្ច និងការជំរុញធុរកិច្ច។

លោកបានគូសបញ្ជាក់ថា ភាគីតួកគីត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយភាគីកម្ពុជា ក្នុងជំរុញធុរកិច្ចវិនិយោគរវាងប្រទេសទាំងពីរ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានច្រើនជាង ៥០០ លានដុល្លារក្នុងមួយឆ្នាំ។

លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានបង្ហាញអំពីចំណាប់អារម្មណ៍ របស់វិនិយោគិនតួកគី ចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងកិច្ចសហប្រតិការលើវិស័យសំខាន់ៗ ដែលប្រទេសទាំងពីរអាចប្រតិបត្តិរួមគ្នាបាន។ លោកស្នើឲ្យស្ថាប័នទាំងពីរសិក្សារួមគ្នាលើគម្រោងអាទិភាពមួយចំនួន បន្ទាប់មកសហព័ន្ធធុរជនឧស្សាហកម្មតួកគី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់កម្ពុជា ដើម្បីសិក្សាលទ្ធភាពសហការ និងអនុវត្តគម្រោង។

សមាជិកនៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានចូលរួមពិភាក្សា និងសិក្សាស្វែងយល់ពីបរិយាសកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើផ្នែកសំខាន់ៗរួមមាន៖ វីស័យណាខ្លះដែលគួរវិនិយោគនៅកម្ពុជា ដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ការនាំចេញនាំចូល វាយណភណ្ឌបែបប្រពៃណី សំណង់ ថាមពល រ៉ែ កសិកម្ម ជាដើម៕