ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ និងការពារសន្តិសុខជាតិ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា បច្ចុប្បន្ននេះ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុបង្រួប បង្រួមជាតិ និងការពារសន្តិសុខជាតិ ដែលមិនអាចខ្វះបាន ។

លោកជំទាវបានថ្លែងបែបនេះ ខណៈដែលអញ្ជើញជាអធិបតី ក្នុងពិធីទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» និងការប្រកាសកែសម្រួលបំពេញ បន្ថែមគណៈកម្មាធិការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវលោកស្រី ម៉ែន សំអន ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ក្នុងពិធីនេះ ក៏បានប្រកាសតែងតាំងលោកជំទាវ ប៉ែន វិមល ជាប្រធានកិត្តិយស គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអប់រំយុវជន និងកីឡា រួមជាមួយនឹងសមាសភាពបំពេញបន្ថែម សមាសភាពសមាជិក ចំនួន ៩រូប ផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសរំលេចដល់គណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំយុវជន និងកីឡា ត្រូវចូលរួមអនុវត្តឲ្យបាន តាមប្រសាសន៍ណែនាំរបស់ម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពី ថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានបញ្ជាក់ឲ្យក្រសួងអប់រំ យុវជន និងកីឡា អនុវត្តដូចខាងក្រោម៖

ក៖ បន្តពិនិត្យស្រាវជ្រាវស្ថានភាពនិស្សិតជានារីនៅកម្រិតឧត្តមសិក្សា ទាំងក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋ និងគ្រឹះស្ថានសិក្សាឯកជន ដោយត្រូវធ្វើរបាយការណ៍ ដើម្បីមានវិធានការដោះស្រាយ។ ទន្ទឹមនឹងនោះ ត្រូវរៀបចំឱ្យមានកិច្ចសន្ទនារវាងអាណាព្យាបាលជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្រាវជ្រាវពីបញ្ហាដែលនាំឱ្យសិស្សស្រីបោះបង់ការរៀនសូត្រ និងរិះរកគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាអប់រំ ។

ខ៖ បន្តយកចិត្តទុកដាក់លើកកម្ពស់ការអប់រំឌីជីល ជាពិសេស ការផ្តល់គាំទ្រ និងការបង្កើនការចូលរៀនរបស់សិស្ស និស្សិតជានារី លើផ្នែកបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ។

គ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តតម្រង់ទិស និងពង្រីកការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានវិទ្យា ដល់សិស្ស និស្សិត ដោយឆ្លើយតបនិងតម្រូវការទីផ្សារការងារ និងពង្រីកការផ្តល់អាហារូបករណ៍ដល់សិស្ស ក្រីក្រ ជាពិសេស ស្រ្តី និងជនពិការ ព្រមទាំងសម្របសម្រួលឱ្យមានការចុះកម្មសិក្សាតាមវិស័យឯកជននានា ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩ ត្រូវរៀនរស់នៅ និងធ្វើការជាមួយនឹងកូវីដ១៩ ជាពិសេសចូលរួមអនុវត្តឲ្យបាន នូវវិធានការណ៍ ៣ការពារ ៣កុំ ខណៈដែលមេរោគកូវីដ១៩ (អូមីក្រុង) បាននិងកំពុងឆ្លងរីករាលដាលយ៉ាងណាក៏ដោយ និងបានបន្ត៖

១៖ លើកកម្ពស់តួនាទីស្រ្តីក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងជំងឺឆ្លងផ្សេងទៀត
២៖ ជំរុញឲ្យស្ត្រីឈានមុខ លើការការពារខ្លួនពីជំងឺ និងការឆ្លងដល់កូនចៅ និងសមាជិកក្នុងគ្រួសារ និងជំរុញឲ្យស្រ្តីនាំកូន ចៅ ទៅទទួលវ៉ាក់សាំង បង្ការជំងឺនានា និងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីក រាលដាលចូលក្នុងសហគមន៍ ៕