អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការកសាងរូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងសហការី នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យវឌ្ឍនភាពនៃការកសាងរូបសំណាក «ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ» នៅសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដែលកសាងឡើងអំពីថ្មភក់មានទម្ងន់ជាង៣០តោន ដោយមិនរាប់បញ្ចូលទម្ងន់បល្ល័ង្ក។

បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ បានសម្រេចការសាងសង់ប្រមាណជាង៧០ភាគរយហើយ ដែលរដ្ឋបាលខេត្តគ្រោងនឹងយកមកតម្កល់នៅសួនច្បារមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម នាឆាប់ៗខាងមុខនេះ ដើម្បីលើកកម្ពស់សោភ័ណភាពនៃតំបន់ទេសចរណ៍មួយនេះផងដែរ។

សូមជម្រាបថា ប្រវត្តិនៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា គឺរចនាបថបាពួន រចនាបថអង្គរ និងរចនាបថបាយ័ន។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានកំណត់ទម្រង់ឥរិយាបថ «សន្តិភាព ឈ្នះចម្បាំង» តំណាងឱ្យសេចក្តីដឹងគុណចំពោះសន្តិភាពបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានសុខសន្តិភាពបរិបូរណ៍ដូច្នេះដែរ៕