សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំបានចែករំលែកបទពិសោធន៍ទៅកាន់ប្រទេសជាមិត្តជាច្រើន ពាក់ព័ន្ធការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយភាពជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់សាំងឈរលើយុទ្ធសាស្ត្រផ្ការីក»


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចបានចែករំលែកបទពិសោធន៍ជាច្រើនទៅកាន់ប្រទេសជាមិត្តជាច្រើន ពាក់ព័ន្ធនឹង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយចំពោះភាពជោគជ័យរបស់កម្ពុជាគឺការចាក់វ៉ាក់សាំងដោយឈរលើយុទ្ធសាស្ត្រផ្ការីក ពោលគឺចាក់ឱ្យជោគជាំដើម្បីបង្កើត ភាពស៊ាំក្នុងសហគមន៍។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំបានចែករំលែកបទពិសោធន៍ជាមួយនឹងប្រទេសនានាច្រើនណាស់ដែលមកជួបខ្ញុំ ក្នុងរយៈពេលកន្លងទៅ ខ្ញុំថា បទពិសោធន៍ជោគជ័យរបស់កម្ពុជាគឺនៅត្រង់ការប្រើវ៉ាក់សាំង ហើយការប្រើវ៉ាក់សាំងមិនប្រាកដថាបានវ៉ាក់សាំងហើយបែរជាជោគជ័យនោះទេ អត់ទេ បើសិនជា មិនយកវិធីសាស្ត្ររបស់កម្ពុជា គឺប្រើប្រាស់អភិក្រមផ្ការីក ដោយចាក់ស្រោចក្រុងភ្នំពេញ និងខេត្តកណ្តាលឱ្យជោគជាំសិន ហើយបន្ទាប់ទៅគឺបានបញ្ជូនទៅបណ្តាខេត្ត ហើយទៅខេត្តនេះទៀតសោត ត្រូវជ្រើរើសភូមិសាស្ត្រណាចាក់ស្រោច អាកន្លែងនឹងឱ្យជោគជាំសិន ចាំទៅកន្លែងមួយទៀត ដោយសារពេលនឹងវ៉ាក់សាំងមានចំនួនតិច បើសិនយើងយកមក យើងចែកសមាសត្រជាភាគរយទៅតាមខេត្ត វាអត់មានភាពស៊ាំសហគមន៍ទេ»

សម្តេចតេជោ បានបញ្ជាក់ទៀតថា បើសិនជាយើងមានវ៉ាក់សាំង ២លានដូស គិតជាមួយនឹងប្រជាជន ១៦លាននាក់ បានប្រមាណ១៥% ហើយបើយកចែកភ្នំពេញ ទទួល១៥% កណ្តាល១៥% និងគ្រប់មួយខេត្តៗ ១៥% ទាំងអស់ នឹងមិនមានភាពស៊ាំសហគមន៍នោះទេ ដោយសារតែក្នុងចំណោមមនុស្ស ១០០នាក់ ចាក់បានតែ ១៥នាក់ នៅពេលដែលចូលប្រជុំជាមួយគ្នា ក្នុងចំណោមមនុស្ស១០០នាក់ ចាក់បានតែ១៥នាក់ តិចជាងអ្នកមិនបាចាក់៨៥នាក់ ដូចនេះហើយភាពស៊ាំសហគមន៍ គឺរកមិនឃើញនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា មកដល់ពេលនេះគឺមានប្រទេសខ្លះដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ហើយ ប៉ុន្តែនៅតែមានការឆ្លង និងស្លាប់ នៅមាន ចំនួនខ្ពស់នៅឡើយ ខណៈដែលប្រទេសខ្លះចាក់វ៉ាក់សាំងដល់ប្រជាជនបាន ៧០% និងប្រទេសខ្លះបាន៨០% ប៉ុន្តែនៅតែមានអ្នកឆ្លងក្នុងមួយថ្ងៃៗ រាប់ម៉ឺននាក់ និងស្លាប់រាប់រយនាក់ មូលហេតុមកពីការចាប់ផ្តើមចាក់វ៉ាក់សាំងវាខុស ព្រោះចាប់ផ្តើមទៅតាមសមធម៍។

សម្តេច បានបន្ថែមថា កម្ពុជាមិនបានចាត់ទុកថាខ្លួនឯងត្រូវនោះទេ តែយកជាបទពិសោធន៍ គឺកម្ពុជាមានភាពស៊ាំសហគមន៍ គឺបានចាក់វ៉ាក់សាំងជោគជាំនៅកន្លែងមួយ ហើយទើបបន្តចាក់នៅកន្លែងមួយទៀត ហើយភាពជោគជាំនេះហើយទើបបានក្លាយជាភាពស៊ាំសហគមន៍ ដែលនេះជាបទពិសោធន៍របស់កម្ពុជា។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៨៣,២៦០នាក់។ ក្នុងនោះរួមមាន៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៥៩,១០៩នាក់, ចាប់ពីអាយុ១២ ដល់១៨ឆ្នាំ ១,៨២៨,៦៧៤នាក់, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤០,៩៧៨នាក់, អាយុ៥ឆ្នាំ ៣៧១,២៧៧នាក់ និងអាយុ៣ឆ្នាំដល់៥ឆ្នាំ ២៨៣,២២២នាក់ ៕