ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ បង្កើនការត្រួតពិនិត្យការនាំចូលសារធាតុគីមីផ្សំ និងគ្រឿងញៀនពីក្រៅប្រទេស


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ បង្កើនការត្រួតពិនិត្យការនាំចូលសារធាតុគីមីផ្សំ និងគ្រឿងញៀនពីក្រៅប្រទេស ខណ:ថ្មីៗនេះនៅខេត្តស្ទឹងត្រែង មានករណីយកគោយន្តដឹកគ្រឿងញៀនរាប់រយគីឡូក្រាម បន្តកន្ទុយគ្នាបម្រុងដឹកចូលមកទឹកដីកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវ ធ្វើការបង្រ្កាបបាន។

ការស្នើបែបនេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

ការអំពាវនាវរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ធ្វើឡើងបន្ទាប់ប៉ុន្មានថ្ងៃមុននេះ នៅខេត្តស្ទឹងត្រែង មានករណីយកគោយន្តដឹកគ្រឿងញៀនប្រមាណជាង ៦០០គីឡូក្រាម បន្តកន្ទុយគ្នាចំនួន៣គ្រឿង បម្រុងដឹកចូលមកទឹកដីកម្ពុជា ប៉ុន្តែត្រូវបាន អាជ្ញាធរប្រទេសឡាវ ធ្វើការបង្រ្កាបបាន ខណៈគោយន្តទាំងនោះធ្លាប់តែដឹកជី នៅខេត្តជាប់នឹងព្រំដែនខេត្តស្ទឹងត្រែង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អំពាវនាវដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តដែលជាប់ព្រំដែន ប្រទេសជិតខាង រួមមានប្រទេសឡាវ ថៃ និងប្រទេសវៀតណាម ត្រូវបង្កើនការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលនាំចូលពីក្រៅប្រទេស ដោយមិនត្រូវធ្វេសប្រហែសបន្ត ទៀតនោះឡើយ ខណៈគ្រឿងនេះបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានបង្ហាញការហួសចិត្តថា «ប៉ុន្មានថ្ងៃមុនខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ហើយគោយន្ត ពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការុងៗ ហើយការដឹកនេះ គឺជាការដឹកដោយចំហរ…។ លេងតែអញ្ចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអរគុណដល់អាជ្ញាធរឡាវ ដែលចាប់បានទាន់ពេលវេលា»

ទន្ទឹមនឹងនេះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានស្មើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ នៅច្រកព្រំដែនដែន ច្រករបៀង និងតំបន់មួយចំនួនទៀត ដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀន លួចនាំចូលនូវសារធាតុគីមីផ្សំ ដើម្បីផលិតចេញជាគ្រឿងញៀន ខណៈករណីនេះធ្លាប់មាន ហើយបង្រ្កាប់បាននៅខេត្តកំពង់ស្ពឺ កាលពីកន្លងទៅនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ បរិមានគ្រឿងញៀន ពិសេសបរិមាណសារធាតុគីមីផ្សំ ដែលរឹបអូសបាន គឺមានការកើនឡើងច្រើន ដែលចំណុចនេះ ធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភកាន់តែខ្លាំង ព្រោះកន្លងមក យើងតែងគិតថា កម្ពុជាជាប្រទេសទទួល រងឥទ្ធិពលការផលិត និងចរាចរឆ្លងកាត់នៃគ្រឿងញៀននៅក្នុង និងក្រៅតំបន់ ក៏ប៉ុន្តែតាមរយៈលទ្ធផលបង្រ្កាបកន្លងមកនេះ កម្ពុជាកំពុងប្រឈមខ្លាំងទៅនឹងការព្យាយាមរបស់ក្រុមឧក្រិដ្ឋជន ដើម្បីប្រែក្លាយកម្ពុជាទៅជាកន្លែង ផលិតគ្រឿងញៀន ដើម្បីបម្រើឱ្យតម្រូវការ ដែលអាចថា មានការកើនឡើងនៅក្នុងស្រុក ឬដើម្បីនាំចេញទៅកន្លែង ផ្សេងនៅក្រៅប្រទេស ដែលពួកគេចង់បំពេញតម្រូវការនោះ៕