ឯកឧត្តម ម៉ែន វិបុល បញ្ហាគ្រឿងញៀនគឺជាបញ្ហរបស់យើងទាំងអស់គ្នា


ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន» ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញឿនខេត្ត អមគណៈ អធិបតីរួមមាន ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត លោក លោកស្រីស្នងការរង អភិបាលក្រុងស្រុក នាយរងសេនាធិការ នាយការិ.កណ្តាល នាយការិ.ជំនាញ អធិការក្រុងស្រុក មេឃុំចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងម្ចាស់ទីតាំងអាជីវកម្ម សរុបវត្តមាន ៣១១ នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បាន កោតសរសើរដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងខេត្តកន្លងមកបានលទ្ធផលល្អប្រសើរ ។ ជាមួយនោះដែរបានសំណូមពរ ដល់កងកម្លាំង ប្រធានមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ អង្គការជាតិ និងអន្តរជាតិ ចូលរួមក្នុងចលនាទប់ស្កាត់ និងបង្ការការពារ ដោយចាត់ទុកថានេះគឺជាកាតព្វកិច្ច និងបញ្ហារបស់យើងទាំងអស់គ្នា ដែលត្រូវការពារវាសនាអនាគតកូនចៅជំនាន់ក្រោយ ។ សំណូមពរដល់ម្ចាស់អាជីវកម្មផ្ទះសំណាក់ ផ្ទះជួល ក្លឹបកំសាន្ត ខារ៉ាអូខេ ត្រូវបំពាក់ប្រព័ន្ធកាម៉ារ៉ា សុវត្ថិភាព ដើម្បីងាយស្រួលគ្រប់គ្រងរាល់បទល្មើស រឺឯសមត្ថកិច្ចត្រូវសហការពីម្ចាស់ទីតាំងអាជីវកម្ម ដើម្បីសុំរបាយការណ៍ភ្ញៀវចេញចូលស្នាក់នៅប្រចាំថ្ងៃ ។ ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចូលរួមសហការជាមួយជំនាញដើម្បីធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន ការផលិត ការជួយដូរ ការប្រើប្រាស់ ស្របទៅតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ៕