សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ បានប្រើនយោបាយយកក្រុងចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្ករត្នោត


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដី ដែលបានសាងសង់ឡើងក្នុងរាជធានីភ្នំពេញ គឺបានកើតឡើងដោយការយកតម្លៃឈ្នូល និងតម្លៃដីក្នុងទីក្រុង ដែលបានផ្តល់ឱ្យវិស័យឯកជន យកមកកសាងដើម្បីបំរើឱ្យទីក្រុង ដែលនេះជាការប្រើនយោបាយ យកក្រុងចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្កត្នោត។

ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះកម្ពុជាមានស្ពានអាកាសចំនួន៥រួចហើយរួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧មករា ពេទ្យលោកសង្ឃ ស្ពានអាកាស និងផ្លូវក្រោមដីស្ទឹមមានជ័យ ស្ពានអាកាស និងផ្លូវក្រោមដី ៥មករា តិចណូ និងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ និងស្ពានទី៦ កំពុងសាងសង់។

ពាក់ព័ន្ធនឹងស្ពានអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងរយៈពេលកន្លងទៅស្ពានអាកាសទាំង៥នេះ គឺប្រើប្រាស់នូវថវិកាដែលយើងបានមកពីការអភិវឌ្ឍនៅកោះពេជ្រ និងការអភិវឌ្ឍនៅជ្រោយចង្វារ គឺយើងយកតម្លៃឈ្នូល តម្លៃដីដែលបានផ្តល់ទៅឱ្យវិស័យឯកជននោះ យកមកធ្វើហេដ្ឋារចនាសម្ពន័្ធបំរើឱ្យទីក្រុង មានន័យថាយើងបាននឹងកំពុងប្រើប្រាស់វិធីសាស្ត្រយកក្រុងចឹញ្ចិមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្កត្នោត»។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ការធ្វើនេះគឺគ្មានអ្វីខុសនោះទេ ប្រសិនបើមិនធ្វើដូចនេះតើមានជំរើសណាដែលវាល្អជាងនេះ? ហើយប្រសិនបើបង្វែរថវិកាទាំងនោះ ទៅកាន់ថវិកាជាតិ ហើយត្រូវបែងចែងត្រឡប់មកវិញ និងមិនមានលទ្ធភាពផ្តល់ឱកាសសម្រាប់ឱ្យរាជធានីភ្នំពេញបានអភិវឌ្ឍន៍ដូចនេះទេ។ ជាមួយគ្នានោះបើពិនិត្យ អំពីការសាងសង់ស្ពានទាំងអស់ គឺបានប្រើប្រាស់ថវិកាអស់ជាច្រើនលានដុល្លាររួចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ការសាងសង់នេះ គឺវាផ្តើមចេញពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតែម្តង ហើយសិនជាមិនមានតម្រូវការនៃការកើន ឡើងនៃចំនួនប្រជាជន ជាពិសេសការកើនឡើងនៃគ្រឿងយន្ត ដែលជាមធ្យោបាយរបស់ប្រជាពលរដ្ឋ គឺមិនមានតម្រូវការធ្វើដូចនេះនោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងដំណើរការសាងសង់ស្ពានអាកាសស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។

តាមរយៈស្ពានអាកាស និងផ្លូវក្រោមដី បានជួយសម្រួលការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងថវិកាផងដែរ។ សមិទ្ធផលទាំងអស់នេះ បានបង្ហាញនូវការប្តេជ្ញាចិត្តមុតមាំ ការប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហា រស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចការអភិវឌ្ឍប្រទេសជាតិ៕