ពលរដ្ឋ៧០០គ្រួសារទទួលបានកម្ចីគ្មានការប្រាក់ពីសមាគមមូលនិធិ YLP របស់ ឯកឧត្តម កែ គឹមយ៉ាន ក្នុងទំហំទឹកប្រាក់១,៤៦០លានរៀល


បច្ចុប្បន្នមានប្រជាពលរដ្ឋសរុបចំនួន៧០០គ្រួសារក្នុងចំណោមស្រុកក្រុងចំនួន៨នៃខេត្តបន្ទាយមានជ័យ ដែលបានប្រេីប្រាស់កម្ចីខ្នាតតូចគ្មានការប្រាក់ពីសមាគមមូលនិធិ វ៉ាយ អិល ភី ក្នុងទំហំទឹកប្រាក់សរុបចំនួន១,៤៦០,០០០,០០០រៀល។

គួរជម្រាបថា សមាគមមូលនិធិ វ៉ាយ អិល ភីជា ជាគំនិតផ្តួចផ្តេីមរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងក្រុមគ្រួសារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ប្រតិបត្តិ ការលេីការងារផ្តល់ទុនកម្ចីខ្នាតតូចគ្មានការប្រាក់។

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមនឹងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដោយក្រុមការងារ បានរៀបចំកម្មវិធីសមោលសរ ដើម្បីកៀរគរថវិកាបន្ថែមសម្រាប់គាំទ្រសកម្មភាពការងាររបស់សមាគមមូលនិធិ វ៉ាយ អិល ភី បន្តទៅមុខទៀត។

ឯកឧត្តមបានថ្លែងថា ចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ២០២០ សមាគមមូលនិធិ វ៉ាយ អិល ភី បានទទួលការចូលរួមវិភាគទានពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល សមាគម ទីប្រឹក្សាបច្ចេកទេស និងសប្បុរសជននានានៅឆ្នាំ២០២០ សរុបចំនួន២៤៧,២៥០ដុល្លារ និង២០លានរៀល ហើយនៅឆ្នាំ២០២១ មូលនិធិនេះទទួលបានថវិកាវិភាគទានបន្ថែមចំនួន១២០,៧៥០ដុល្លារ និង៥លានរៀល សរុបទាំងអស់មានមូលនិធិ៣៦៨,០០០ដុល្លារ និង២៥លានរៀល ដើម្បីជាទុនសម្រាប់ប្រជាពលរដ្ឋក្រីក្រគោលដៅយកទៅប្រើប្រាស់ដោយមិនគិតការប្រាក់។

ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នមានប្រជាពលរដ្ឋសរុបចំនួន៧០០គ្រួសារ ដែលបានប្រេីប្រាស់កម្ចីក្នុងទំហំទឹកប្រាក់ចំនួន១,៤៦០,០០០,០០០រៀល ក្នុងចំណោមស្រុកក្រុងចំនួន៨នៃខេត្តបន្ទាយមានជ័យ»

ក្នុងកម្មវិធី សមោលសរថ្ងៃនេះ តាមការអំពាវនាវរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន មានសមាជិក សមាជិកា សប្បុរសជន បានចូលរួមបរិច្ចាកថវិកាសម្រាប់ទ្រទ្រង់ផែនការសកម្មភាពសមាគមមូលនិធិវ៉ាយ អិល ភី ក្នុងនោះប្រមូលថវិកាបានជិត១៩ម៉ឺនដុល្លា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការប្រតិបត្តិ បុគ្គលិក របស់សមាគមមូលនិធិ វ៉ាយ អិល ភី ដែលបានរអនុវត្តសកម្មភាពការងារទទួលបានលទ្ធផលល្អប្រសើរក្នុងកិច្ចប្រតិបត្តិការផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋយកទៅធ្វើទុនប្រកបរបរបង្កេីនប្រាក់ចំណូលគ្រួសារកាត់បន្ថយបាននូវភាពក្រីក្រ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមគាំទ្រដល់បេសកកម្មរបស់សមាគមមូលនិធិ វ៉ាយ អិល ភី។

សូមបញ្ជាក់ថា សមាគមមូលនិធិ វ៉ាយ អិល ភីជា គំនិតផ្តួចផ្តេីមរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងក្រុមគ្រួសារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ប្រតិបត្តិ ការលេីការងារផ្តល់ទុនកម្ចីខ្នាតតូច គ្មានការប្រាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្រីក្រ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត និងឋានៈ សង្គម៕