ការនាំចេញវិស័យកាត់ដេររបស់កម្ពុជាសម្រេចបានជាងបីពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំនេះ


ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥ភាគរយ ជាមួយទឹកប្រាក់ចំនួន ៣. ១៥៥លានដុល្លារ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត លោក គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានលើកឡើងថា ការសម្រេចបានខាងលើនេះ ក្នុងនោះ សម្លៀកបំពាក់មានចំនួន ២ ១៣៧លានដុល្លារ (កំណើន ២០%) ស្បែកជើង ៤២១លានដុល្លារ (កំណើន ៣៣%) និងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន ៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន ១២៨លានដុល្លារ (កំណើន ១១%)។

ជាមួយគ្នានេះ លោកប្រធានសមាគមបានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែល ផ្តល់ឱកាសឱ្យលោក និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអរគុណដល់ក្រសួងពាណិជ្ជកម្មដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

នៅក្នុងជំនួបនាឱកាសនេះដែរ លោករដ្ឋមន្រ្ដី បានស្វាគមន៍ និងអបអរសាទរ ចំពោះលោក គង់ សាង និងសហការី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន អនុប្រធាន ព្រមទាំងសមាជិកគណៈកម្មការប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៣។

លោកបានជម្រាបជូនពីកិច្ចសហការយ៉ាងល្អ រវាងក្រសួង និង GMAC នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ថា GMAC ជាដៃគូដ៏សំខាន់របស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។

លោករដ្ឋមន្រ្តីបានបន្តថា GMAC បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងប្រែក្លាយវិស័យនេះ ទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃ បន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។

លោកបន្ថែមថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ព្រមជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំចរចារបើកទីផ្សារបន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) ជាដើម។ ជាងនេះទៅទៀត ក្រសួងបាននិងកំពុងសិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ បន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ផងដែរ។

មុនបញ្ចប់កិច្ចជំនួបនេះ លោករដ្ឋមន្រ្តី និងលោក គង់ សាង បានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហការល្អប្រសើរនេះ ដើម្បីចូលរួមអភិវឌ្ឍ និងប្រែក្លាយវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា ឱ្យក្លាយទៅជា«មជ្ឈមណ្ឌលឧត្តមភាពនៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍ (Centre of Excellence of Garment Industry in South-East Asia)» ៕