ការបោះឆ្នោតឃុំ-សង្កាត់ ជិតមកដល់៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋ ត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ


គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា: ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ។ ក្នុងករណីមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត (ឯ.អ)។

ការបញ្ជាក់នេះ បានធ្វើឡើង ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ខិតជិតមកដល់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

គ.ជ.ប បានបន្តថា ចំពោះការស្នើសុំ និងការចេញ ឯ.អ នេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប កាលពីថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំរួម លេខ ០៣៤ ស.ណ.ន ស្ដីពីនីតិវិធី នៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះ ឈ្មោះ បោះឆ្នោត និងការបោះឆ្នោត ក្នុងគោលបំណងធានាសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋ អាចស្នើសុំ ឯ.អ ក្នុងរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ៥:៣០ នាទីល្ងាច។

គ.ជ.ប បានបញ្ជាក់ថា អ្នកស្នើសុំ ឯ.អ ត្រូវបង្ហាញខ្លួនដោយផ្ទាល់ នៅចំពោះមុខគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៃឃុំ សង្កាត់ ដែលសាមីខ្លួន មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ បន្ទាប់មក អ្នកស្នើសុំ ត្រូវបំពេញពាក្យស្នើសុំ និងផ្ដិតស្នាមម្រាមដៃ នៅចំពោះមុខប្រធាន គឃ.សប។ ជាមួយគ្នានេះ អ្នកស្នើសុំ ត្រូវផ្ដល់ស្នាមម្រាមដៃ តាមការណែនាំរបស់សមាជិក គឃ.សប និងថតរូប សម្រាប់ផ្ទៀងផ្ទាត់ និងទាញទិន្នន័យ ពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។

បន្ទាប់ពីទទួលបានទម្រង់ ឯ.អ អ្នកស្នើសុំត្រូវទៅជួបមេឃុំ ចៅសង្កាត់ ដើម្បីចុះហត្ថលេខា និងបោះត្រា ផ្ដល់សុពលភាព សម្រាប់យកទៅប្រើប្រាស់បោះឆ្នោត។ ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងថ្ងៃបោះឆ្នោត សូមប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ហើយមិនទាន់មាន អ.ខ សូមប្រញាប់រួសរាន់ ទៅស្នើសុំ ឯ.អ ឱ្យបានទាន់ តាមពេលកំណត់ ដើម្បីប្រើប្រាស់បោះឆ្នោត។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយមានគណបក្សនយោបាយ ចំនួន ១៧ បានចូលរួមប្រកួត ប្រជែង៕