នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋសភាកម្ពុជា បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ ថ្ងៃ។
បន្ទាប់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក៏បានទទួលជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ លោក អំ បឺរឡា (OM BIRLA) នានៅវិមានរដ្ឋសភា។
លោក អំ បឺរឡា បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់សវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួចមក លោកប្រធានគណៈប្រតិភូ នឹងត្រូវចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ហើយនៅវេលារសៀលថ្ងៃនេះដែរ លោក អំ បឺរឡា (OM BIRLA) និងដឹកនាំគណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង៕