ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកងមាស ដែលសម្រេចបានលទ្ធផល និងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយស្រុកកងមាស និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំជាច្រើនទៀតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានអញ្ចើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមូលដ្ឋាន នៃឃុំទាំង១១ ក្នុងស្រុកកងមាស ដែលសម្រេចបានលទ្ធផល និងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ជោគជ័យដែលសម្រេចបានកន្លងទៅនេះគឺបានមកពីការរួមកម្លាំងសាមគ្គីគ្នា ទាំងប្រធានគណបក្សប្រជាជនខេត្ត ក៏ដូចជាប្រធានគណបក្សប្រជាជនស្រុក និងឃុំ- ភូមិ ដែលបានចុះជាប់ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលជាកាតព្វកិច្ចរបស់រដ្ឋ និងមានក្រុមការងារគ្រប់រូបចុះជួយបន្ថែម ផ្ដល់ជាគំនិត ថវិកា និងមធ្យោបាយផ្សេងៗ ដើម្បីសម្រេចបានលទ្ធផលជោគជ័យទាំងនោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់គំនិតយោបល់ខ្លះៗសម្រាប់បេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីទទួលបានជ័យជំនះ ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា តួអង្គសំខាន់ចំនួន៤ ដែលនាំឱ្យឈ្នះលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះរួមមាន៖

*ទី១៖ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើអំពើល្អ ដោយធ្វើការងារបម្រើប្រជាពលរដ្ឋអោយបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។
*ទី២៖ ប្រធានភូមិ អនុប្រធានភូមិ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយប្រើកាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យ ក្នុងពេលចុះបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋ។
*ទី៣៖ នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ ឬខិតខំបំពេញការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានអំពើចោរកម្ម កុំឲ្យមានល្បែងស៊ីសង កុំឲ្យមានបទល្មើសគ្រឿងញៀនជាដើម ពោលគឺអនុវត្តឱ្យបានគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង១២ចំណុច។
*ទី៤៖ ក្រុមការងារចុះជួយភូមិឃុំសង្កាត់ គឺជាតួអង្គសំខាន់បំផុតជាអ្នកផ្ដល់គំនិត និងគោលការណ៍ សម្រាប់ការអនុវត្តនៅក្នុងមូលដ្ឋាន ជាពិសេសការឧបត្ថម្ភសម្ភារថវិកា មធ្យោបាយ ដល់ក្រុមការងារមូលដ្ឋាន ដើម្បីអនុវត្តការងារ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើសុំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងបានរឹងមាំ ក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ៕