កម្ពុជាត្រៀមប្រារព្ធទិវាវប្បធម៌ជាតិ ដែលតែងប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៣ ខែមិនា ។ ទិវាវប្បធម៌ជាតិ៣ ខែមិនា គឺគេចាត់ទុកជាទិវាដ៏សំខាន់មួយ និងប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈ និងស្នាដៃដ៏ធំធេង នៃបុព្វបុរសកម្ពុជា ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរណ៍បែប សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ ។
ទិវាវប្បធម៌ជាតិ៣មិនា ក៏ជាទិវានៃការបង្កើនសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ទាំងរូបីយ៍ និងអរូបបីយ៍ ឱ្យស្ថិតស្ថេរគង់វង្សផងដែរ ។ សម្តេចតេជោសែន នៅថ្ងៃទី២ ខែមិនានេះ បានមានប្រសាសន៍ក្នុងហ្វេសប៊ុក សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋខ្មែរ នឹងរួមគ្នាការពារវប្បធម៌ជាតិ ទាំងរូបីយ និងអរូបីយ៍ ។ សម្តេចនៅមួយថ្ងៃមុនទិវាវប្បធម៌ជាតិ៣ មិនានេះផងដែរ បានបង្ហាញចៅស្រី ២រូប ដែលបាននឹងកំពុងរៀនរបាំវប្បធម៌ជាតិខ្មែរ ជាប្រពៃណីយ៍ក្នុងការគាំទ្រលើកតម្កើងទិវាវប្បធម៌ជាតិកម្ពុជានេះ ។ សម្តេចតេជោសែន បានមានប្រសាសន៍ថា ចៅស្រីទាំង ២នាក់នេះ បានហាត់សិល្បៈរបាំបុរាណខ្មែរ និងធ្លាប់បានរាំរបាំនេះថ្វាយព្រះពរសម្តេចម៉ែ នាប៉ុន្មានឆ្នាំកន្លងមកនេះផងដែរ ។
ទិវាវប្បធម៌ជាតិនៅក្នុងឆ្នាំ ២០១៦ នេះ នឹងក្លាយជាទិវាលើកទី១៨ ហើយ ដែលកាលពីឆ្នាំទៅទិវាវប្បធម៌ជាតិលើកទី១៧ បានប្រារព្ធទៅក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។