(មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្ត្រីតុលាការ កងកម្លាំង និងអង្គភាពពាក់ព័ន្ធ នៅខេត្តមណ្ឌលគិរី រយៈពេល២ថ្ងៃ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន ឯកឧត្តម ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចៅក្រម ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ និងមន្ត្រីឧទ្យានុរក្សជាច្រើនរូប។ ដែលសិក្ខាសាលានេះធ្វើឡើងនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។
ឯកឧត្តម ផៃ ប៊ុនឈឿន បានថ្លែងថា ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឱ្យមានសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យាននុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ក្នុងគោលបំណងអនុវត្តគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារធនធានធម្មជាតិ និងអភិរក្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងកូនចៅជំនាន់ក្រោយ។ សិក្ខាសាលានេះ ក៏នឹងជួយពង្រឹងឱ្យប្រសើរឡើងថែមទៀត ដល់ការយល់ដឹងទូលំទូលាយពីការអនុវត្តច្បាប់ដែលបានអនុវត្តចំពោះតំបន់ការពារធនធានធម្មជាតិ ដែលជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ភាគីដែលពាក់ព័ន្ធបន្ថែមការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពដែលត្រូវហាមឃាត់ និងសកម្មភាពបំលែងធនធានធម្មជាតិទៅជាទ្រព្យសម្បត្តិឯកជនគ្រប់រូបភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ដែលពាក់ព័ន្ធទៅនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមសហការ ការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធហើយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរីនឹងបន្តយកចិត្តទុកដាក់ខ្ពស់គាំទ្រការពារទ្រព្យសម្បត្តិរដ្ឋអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធនធានធម្មជាតិប្រកបដោយចីរភាព។
ឯកឧត្តម ឈឹម កាន បានបន្តថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តមណ្ឌលគិរី គឺជាការរួមចំណែកក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ រួមទាំងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ពីច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដែលធានាបាននូវការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ៕