អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី៩៣


(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានលើកទី៩៣ ដែលប្រព្រឹត្តទៅ ដោយផ្ទាល់នៅភ្នំពេញ និងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស។

កិច្ចប្រជុំ បានលើកយករបៀបវារៈសំខាន់ៗ មកពិភាក្សារួមមានដូចជា៖
១៖ បច្ចុប្បន្នភាពសមាជិកក្រុមប្រឹក្សាគ្រោះយោបល់ធុរកិច្ចអាស៊ាន
២៖ ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩២
៣៖ ការពិភាក្សាលើបញ្ហាដែលនៅសេសសល់ពីកិច្ចប្រជុំលើកទី៩២
៤៖ ការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំលើកទី៩៣
៥៖ បច្ចុប្បន្នភាពនៃគម្រោងនានារបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
៦៖ កិច្ចសហប្រតិបត្តិការលើគម្រោងថ្មី
៧៖ វឌ្ឍនភាពនៃក្រុមការងារ និងគម្រោងជាកេរ្តិ៍តំណែល
៨៖ សន្និបាទប្រចាំឆ្នាំលើកទី១៧។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចទាំង១០ប្រទេស ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩៣ ដោយផ្ទាល់នៅកម្ពុជា និងតាមប្រព័ន្ធអនឡាញ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងកិច្ចប្រជុំនេះ។

បន្ទាប់មក អ្នកឧកញ៉ាប្រធាន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈនីមួយៗខាងលើ និងមានការចូលរួមជជែកផ្តល់យោបល់យ៉ាងផុសផុសពីសមាជិកអង្គប្រជុំ។

កិច្ចប្រជុំលើកទី៩៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។

ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរ អំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។

សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើ ការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច៕