គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ឱ្យប្រមូលឈើកាប់


Cutting Logs 10 03 16 2 copy

     ប្រធាន​គណ​កម្មការ​ជាតិ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ នាយ​ឧត្តម​សេនីយ៍​ សៅ សុខា បាន​ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គីរី ​និង​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៩​ ខែ​មិនា​នេះ​ ក្នុង​ការ​ជម្រុញ​ការ​ប្រមូល​ឈើ​កាប់​ទាំង​ឡាយ​ ដាក់​ក្នុង​កន្លែង​មាន​សុវត្ថិ​ភាព និង​ត្រួត​ពិនិត្យ​បាន​ត្រឹម​ត្រូវ​ ។

     គួរ​រំលឹក​ថា​ ឈើ​ដេក​រណូករ​ណែល​ពាស​ពេញ​ព្រៃ ត្រូវ​បាន​គណៈ​កម្មការ​បាន​ប្រទះ ឃើញ​ពេល​ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​កន្លង​មក​នេះ​ ។​ ខេត្ត​មួយ​ចំនួន​ដូច​ជា​ខេត្ត​មណ្ឌល​គីរី និង​ខេត្ត​ក្រចេះ មាន​សេចក្តី​ត្អូញ​ត្អែរ​អំពី​ឧបសគ្គ​ប្រឈម​ ក្នុង​ការ​ប្រមូល​ឈើ​ដែល​រាយ​ប៉ាយ​ក្នុង​ព្រៃ​ ដាក់​ក្នុង​កន្លែង​មាន​សុវត្ថិ​ភាព​ ។

     មន្ត្រី​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ លោក​ឧត្តម​សេនីយ៍ ​អេង ហ៊ី បាន​មាន​ប្រសាសន៍​ថា នាយ​ឧត្តម​សេនីយ៍​ សៅ សុខា ​កាល​ពី​ម្សិល​មិញ​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ឈើ​ក្នុង​ក្រុម​ហ៊ុន​យូនីហ្គ្រីន​… ក្រុម​ហ៊ុនខេសាន់​… ក្រុម​ហ៊ុន​ដាយ ថាន់ និង​ក្រុម​ហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ​… និង​នៅ​ថ្ងៃ​ទី​៩​ ខែ​មិនា​នេះ នាយ​ឧត្តម​សេនីយ៍ នៅ​បន្ត​ការ​ចុះ​ពិនិត្យ​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ ក្នុង​ខេត្ត​មណ្ឌល​គីរី​ និង​ខេត្ត​ក្រចេះ ដើម្បី​ដោះ​ស្រាយ​ឧបសគ្គ​ក្នុង​ការ​ប្រមូល​ឈើ​ទុក​ក្នុង​កន្លែង​មាន​សុវត្ថិ​ភាព​ ។

     គួរ​រំលឹក​ថា ​មាន​ឈើ​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ប្រមូល​ដាក់​ក្នុង​កន្លែង​មាន​សុវត្ថិ​ភាព​ បាន​រង​នឹង​ការ​ឆេះ​ដោយ​មិន​ដឹង​មូល​ហេតុ​ ថា​បណ្តាល​មក​ពី​អ្វី​នៅ​ឡើយ​នោះ​ទេ​ ។ ឈើ​ដែល​បាន​ឆេះ​ក្នុង​ក្រុម​ហ៊ុន​យូនីហ្គ្រីន ច្រើន​ពាន់​ដើម​កន្លង​មក​នេះ គឺ​ជា​ឈើ​ដែល​បាន​វាស់​វែង​រួច​មក​ហើយ ប៉ុន្តែ​បាន​រង​ការ​ឆេះ​ចំនួន​ថ្ងៃ​ជាប់​គ្នា​ ដោយ​មិន​ដឹង​មូល​ហេតុ​ ។

     ប្រធាន​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នាយ​ឧត្តម​សេនីយ៍ សៅ សុខា បាន​ចុះ​ត្រួត​ពិនិត្យ​កន្លែង​ឈើ​ដែល​បាន​ឆេះ និង​បញ្ជា​ឱ្យ​ប្រមួល​ឈើ​នៅ​រាយ​ប៉ាយ​សេស​សល់​ទាំង​ឡាយ​ យក​ទៅ​ដាក់​នៅ​ទី​សុវត្ថិ​ភាព​ និង​ពិនិត្យ​ចំនួន​ឱ្យ​បាន​ត្រឹម​ត្រូវ ទាំង​ឈើ​មាន​លក្ខណៈ​ស្រប​ច្បាប់​ និង​ឈើ​ដែល​មិន​ទាន់​ស្រប​ច្បាប់​ ដើម្បី​ការ​ចាត់​វិធាន​ការ​តាម​និតិ​វិធី​ ។

     នៅ​ថ្ងៃ​ទី​៩ ខែ​​មិនា​នេះ នាយ​ឧត្តម​សេនីយ៍ បាន​ចុះ​ត្រួត​ពិនិត្យ​ជាក់​ស្តែង​កន្លែង​ស្តុក​ឈើ​ នៅ​ក្រុម​ហ៊ុន​ប៊ិញ​ហ្វឿក​១​ …ក្រុម​ហ៊ុន​ដាយ​ណាម និង​ក្រុម​ហ៊ុន​ឆាយ​ណា​ឌី​ណា​ម៉ិច ​។ សេចក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា​ ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ឈើ​នោះ នាយ​ឧត្តម​សេនីយ៍​ សៅ សុខា បាន​ស្នើ​មន្ត្រី​ព្រៃ​ឈើ​… មន្ត្រី​បរិស្ថាន សហ​ការ​ជាមួយ​នឹង​ព្រះ​រាជ​អាជ្ញា​ អនុវត្ត​និតិ​វិធី​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ចំពោះ​អំពើ​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​ ។

Cutting Logs 10 03 16 3 copy

Cutting Logs 10 03 16 4 copy