គណៈកម្មការចំពោះកិច្ចនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី៩ ខែមីនានេះ ក្នុងការប្រមូលគំនិតគាំទ្រនានា ពីអង្គការក្រៅរដ្ឋាភិបាល និងសហជីពនានា នៅមុនពេលដែលសេចក្តីព្រាងច្បាប់ នឹងត្រូវដាក់ដេញដោលក្នុងរដ្ឋសភា ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ សិក្ខាសាលាអំពីការប្រមូលគំនិតគាំទ្រលើសេចក្តីព្រាង និងការជជែកគ្នាដើម្បីផ្តល់គំនិតនេះ មិនមែនជាលើកទី១ នោះទេ ចាប់តាំងពីសេចក្តីព្រាងច្បាប់នេះ បានអនុម័តដោយគណៈរដ្ឋមន្ត្រីប្រមាណ ៤ខែមកនេះ ។ សិក្ខាសាលារកការគាំទ្រសេចក្តីព្រាងច្បាប់នៅថ្ងៃនេះ មានការចូលរួមពីសមាជិកព្រឹទ្ធសភា… ពីសមាជិករដ្ឋសភា… ពីក្រសួងការងារ… ពីតំណាងរាជរដ្ឋាភិបាល… ពីតំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងមន្ត្រីនានាពាក់ព័ន្ធឯទៀត ។
សិក្ខាសាលាព្រឹកមិញនេះ ត្រូវគេឃើញមានការផ្តល់ជាយោបល់ដើម្បីជាអនុសាសន៍ ទាក់ទងនឹងសេចក្តីព្រាងច្បាប់សហជីព ដែលកំពុងមានភាពចម្រូងចម្រាស់នេះផងដែរ ។ សេចក្តីព្រាងច្បាប់សហជីព ដែលមាន ១៧ជំពូក និង ១០០មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ រួចមកហើយ ប៉ុន្តែ ភាពចម្រូងចម្រាស់ បានធ្វើឱ្យមានការពន្យាការដេញដោលអនុម័តក្នុងរដ្ឋសភា ។ ក្នុងចំណុចធំៗមួយចំនួន មានក្រុមសហជីពខ្លះ បានប្រឆាំងនឹងការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំរបស់អង្គការនីមួយៗ ដែលជាតម្លាភាពតែមួយគត់ នៃការត្រួតពិនិត្យប្រឆាំងការលាងលុយកខ្វក់ ឬប្រឆាំងមូលនិធិក្រុមភេរវកម្ម ។ ចំណុចតវ៉ាដទៃទៀត ក៏ជាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌ ធ្វើកូដកម្មផងដែរ ។
សិក្ខានេះ មិនមានការខ្វែងគំនិតគ្នាណាមួយគួរអោយកត់សម្គាល់នោះទេ ប៉ុន្តែនៅក្រៅបរិវេណរដ្ឋសភានោះវិញ គ្រាដែលសិក្ខាសាលាកំពុងជម្រុញសេចក្តីព្រាងច្បាប់សហជីព ដើម្បីដាក់អោយរដ្ឋសភាអនុម័តនោះ មានមនុស្សមួយចំនួន បានជួបជុំគ្នានៅក្រៅបរិវេណសភាតវ៉ាឱ្យពន្យាការពិភាក្សា ដើម្បីទទួលសំណើពួកគេបញ្ចូលក្នុងសេចក្តីព្រាងសហជីព ។