ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការ និងសាសនាថ្មី ខេត្តពោធិ៍សាត់, លោក អែម សុធា ជំនួសលោក រ៉ុន សុភារិន ដែលត្រូវផ្លាស់ប្តូរទៅបម្រើការងារនៅក្រសួងរ៉ែ និងថាមពល


ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ តំណាងឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរធម្មការ និងសាសនាថ្មី ខេត្តពោធិ៍សាត់ ដោយលោក អែម សុធា ត្រូវឡើងជំនួសលោក រ៉ុន សុភារិន ដែលត្រូវផ្លាស់ប្តូរទៅបម្រើការងារ នៅក្រសួងរ៉ែ និងថាមពល។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងសាសនាទាំង៣ផងដែរ។

*យោងប្រកាស លេខ៥៣/២២ ក.ធ.ស.ប្រក របស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានតែងតាំងលោក អែម សុធា អត្តលេខ១៧៤១៥០០១៧២ ឋានន្តរស័ក្តិ វរៈមន្ត្រី ថ្នាក់លេខ២ ជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់ ជំនួសលោក រ៉ុន សុភារិន ដែលត្រូវបានទទួលភារកិច្ចថ្មី។

*យោងប្រកាស លេខ៧៤/២២ ក.ធ.ស.ប្រក របស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានផ្លាស់ប្តូរកន្លែងបម្រើការងារ លោក រ៉ុន សុភារិន ចេញពីក្របខ័ណ្ឌក្រសួងធម្មការ និងសាសនា ឱ្យទៅបម្រើការងារ នៅក្នុងក្រមខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងរ៉ែ និងថាមពល។

លោក អែម សុធា ប្រធានមន្ទីរធម្មការ និងសាសនាថ្មី ខេត្តពោធិ៍សាត់ បានប្តេជ្ញាចិត្តខិតខំអនុវត្តការងារជូនខេត្ត ជូនប្រទេស រួមទាំងពុទ្ធសាសនា ឱ្យស្របទៅតាមច្បាប់ថ្នាក់លើ ថ្នាក់ខេត្តដាក់ជូន ស្របទៅតាមច្បាប់ ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សេចក្តីណែនាំ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលកំពុងមានជាធរមាន ជាពិសេសខិតខំអនុវត្តទៅតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត។ លោកបានប្តេជ្ញារក្សានូវសាមគ្គីភាពផ្ទៃក្នុង ដោយសហការល្អជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដោយមិនរើសអើង ចំពោះសាសនាណាមួយឡើយ។ បន្ថែមពីនោះលោកនឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល និងខេត្តបានដាក់ជូន ដើម្បីឱ្យវិស័យសាសនានៅមូលដ្ឋាន មានការរីកចម្រើន។

ឯកឧត្តម សេង សុមុនី បានផ្តាំផ្ញើឱ្យមន្រ្តីរាជការទាំងអស់ នៃមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់ ខិតខំធ្វើយ៉ាងណាត្រូវអនុវត្តទៅតាមតួនាទីជាមន្ត្រីរាជការ ដែលថ្នាក់លើបានប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិ បម្រើប្រជាជន ផ្នែកព្រះពុទ្ធសាសនា មិនមែនគិតតែផលប្រយោជន៍ខ្លួនឯងនោះទេ គឺត្រូវគិតពីប្រទេស និងប្រជាពលរដ្ឋជាចម្បង។

ឯកឧត្តមបានណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវមានសាមគ្គីផ្ទៃក្នុងល្អកសាងសមត្ថភាពធនធានមនុស្ស អភិវឌ្ឍន៍ អង្គភាព ខេត្ត ក្រុង ស្រុក រៀបចំប្រព័ន្ធរដ្ឋបាលហិរញ្ញវត្ថុ របៀបរបប ធ្វើការងារការទទួលខុសត្រូវ ផែនការយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍមន្ទីរ និងមានទំនាក់ទំនងល្អ ជាមួយមេគណទាំងពីរគណមេដឹកនាំសាសនា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕