លោកជំទាវបណ្ឌិត ឃួន សុដារី៖ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពសាធារណៈ សន្តិភាព សន្តិសុខ ប៉ុន្តែមិនទាន់ទទួលស្គាល់ និងសាទរនៅឡើយទេ


លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ បានលើកឡើងថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់ខ្លាំងណាស់ចំពោះសុខភាពសាធារណៈ និងសន្តិភាព និងសន្តិសុខ ប៉ុន្តែនេះមិនទាន់ត្រូវបានទទួលស្គាល់ និងសាទរនៅឡើយទេ។

ការលើកឡើងបែបនេះ របស់លោកជំទាវកិត្តិសង្គហបណ្ឌិតបានធ្វើឡើងក្នុងឱកាសលោកជំទាវបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (Meeting of Coordinating Committee on WAIPA) តាមប្រព័ន្ធនិមិ្មត ផ្សាយចេញពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនាពេលនេះមានការចូលរួមពីគណៈប្រតិភូប្រទេសជាសមាជិក WAIPA មន្រ្តីពាក់ព័ន្ធ និងអ្នកជំនាញមកពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) សរុបប្រមាណ ៥០រូប។

ថ្លែងក្នុងសុន្ទរកថាបើកស្វាគមន៍ លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្ថែមថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ និងការប្រែប្រួលជាសកល។ ជាក់ស្តែង ការរាតត្បាតនៃជំងឺកូវីដ១៩ និងការប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយ និងភាពតានតឹងបាននឹងកំពុងជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពទាំងអស់នៃសិទ្ធិ និងជីវភាពរបស់ស្ត្រី ហើយបានបង្អាក់ ឬធ្វើឱ្យធ្លាក់ចេញពីដំណើរឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេស SDG 5 ដែលមានគោលបំណង «សម្រេចបានសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងកុមារីទាំងអស់»

ឈរលើស្មារតីនេះ លោកជំទាវបណ្ឌិត ឃួន សុដារី ក៏បានធ្វើការអំពាវនាវឱ្យសមាជិកអន្តរសភាអាស៊ាន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចសហការពហុវិស័យ និងភាពជាដៃគូពហុភាគី ដែលយើងចាំបាច់ត្រូវរួមសហការដោះស្រាយជាមួយគ្នាច្រើនជាងពេលណាៗទាំងអស់។

លោកជំទាវបណ្ឌិត ឃួន សុដារី បានសង្កាត់ធ្ងន់អំពីការកសាងប្រព័ន្ធអភិបាលកិច្ចឱ្យកាន់តែមានភាពធន់ ដោយត្រូវដាក់ស្ត្រី និងកុមារីជាចំណុចកណ្តាលនៃផែនការ និងសកម្មភាព ដោយបញ្ចូលទស្សនៈយេនឌ័រទៅក្នុងច្បាប់ និងគោលនយោបាយជាតិរបស់អាស៊ាន។ជាមួយគ្នានេះ ការកសាងប្រព័ន្ធអភិបាលកិច្ចប្រកបដោយនវានុត្តន៍ បរិយាបន្ន និរន្តរភាព និងភាពធន់។

លោកជំទាវក៏បានធ្វើការលើកឡើងអំពីបញ្ហប្រឈមជាសកល ដែលទាមទារឱ្យតួនាទីរបស់ស្ត្រីជាតំណាងរាស្រ្តកាន់តែមានភាពចាំបាច់ និងសកម្មបន្ថែមទៀតក្នុងការផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកលដែលកំពុងលេចឡើងអស់ទាំងនេះ។

ជាការអនុវត្តជាក់ស្តែង កិច្ចប្រជុំនាពេលនេះបានប្រមូលធាតុចូលពីសមាជិកសភា AIPA សម្រាប់សេចក្តីព្រាងសេចក្តីសម្រេចដែលនឹងត្រូវដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការ WAIPA នៃមហាសន្និបាត AIPA លើកទី៤៣ នៅខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំបានពិភាក្សាទៅលើផលប៉ះពាល់បណ្តាលមកពីជំងឺឆ្លងរាតត្បាតកូវីដ១៩ ទៅលើជីវភាពរស់នៅរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងវាយតម្លៃលើការឆ្លើយតប និងយន្តការនានាក្នុងតំបន់ និងរិះរកវិធិសាស្រ្តដើម្បីបង្កើនការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងនយោបាយ រួមទាំងលទ្ធភាពក្នុងការបង្កើនចំនួនសមាជិកសភាស្ត្រីអប្បបរមាដែលចូលរួមក្នុងមហាសន្និបាត AIPA។

ក្នុងកិច្ចប្រជុំនេះផងដែរ គណៈប្រតិភូមកពីប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាគណៈប្រតិភូសភាកម្ពុជារួមមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា, លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា, លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា, ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា រួមនឹងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា បានធ្វើការពិភាក្សាយ៉ាងផុលផុសលើកប្រធានបទដ៏សំខាន់ចំនួន២ ស្តីពី «តួនាទីរបស់សមាជិកសភាក្នុងការលើកកម្ពស់ការស្តារឡើងវិញទៅនឹងការឆ្លើយតបយេនឌ័រ ក្រោយវិបត្តិនៃមេរោគរាតត្បាតសកលកូវីដ១៩» និង «តួនាទីរបស់សមាជិកសភាក្នុងការជំរុញវឌ្ឍនភាពនៃរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ»

អំឡុងពេលនៃការពិភាក្សានេះដែរ Dr. Lison Guignard ជាអ្នកជំនាញមកពីមជ្ឈមណ្ឌលសភាអាស៊ី បានធ្វើបទបង្ហាញស្តីពី «របៀបដែលជំងឺកូវីដ១៩ បានជះឥទ្ធិពលទៅលើសុខមាលភាពរបស់ស្រ្តី» និងប្រធានបទ ទី ២ ស្តីពី «ផលប៉ះពាល់នៃជំលោះ និងសង្គ្រាម ក្នុងការជំរុញវឌ្ឍនភាពនៃរបៀបវរៈស្រ្តី សន្តិភាព និងសន្តិសុខ» ដែលត្រូវបានធ្វើបទបង្ហាញដោយបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី៕