ភាគីរដ្ឋ សហជីព និយោជក និងអង្គការដៃគូ សាទរចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារសមរម្យនៅកម្ពុជា២០១៩-២០២៣


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងសហជីពកម្មករនិយោជិត តំណាងសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) សុទ្ធតែបានបង្ហាញការសាទរចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១៩-២០២៣។

ការណ៍នេះត្រូវបានលើកបង្ហាញឡើងនៅក្នុងសិក្ខាសិលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីវឌ្ឍនភាព និងគោលដៅនៃការលើកកម្ពស់វិស័យការងារនៅកម្ពុជា ដែលការចូលរួមក្នុងការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ក្នុងរយៈកាល៥ដំណាក់កាលមកនេះ ដោយបានរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសសរស្តម្ភទាំង៤នៃរបៀបវារៈការងារសមរម្យ ហើយបានចូលរួមចំណែកលើការគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយទេសន្តរប្រវេសន៍ការងារ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញការពេញចិត្តចំពោះគោលបំណងសំខាន់ៗទាំង៤ ដើម្បីជំរុញឱ្យមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ស្របតាមនិន្នាការការងារ និងសក្ដានុពលនៅក្នុងប្រទេស រួមមាន៖ ១. របាយការណ៍អំពីសមទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០២១ ធៀបនឹងសូចនាករ និងគោលដៅ ក៏ដូចជាចំណុចសំខាន់ៗដែលបានដាក់ចេញក្នុងឯកសារកម្មវិធីការងារសមរម្យ រួមទាំងការកែសម្រួលជាបន្តបន្ទាប់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩។ ២. ចែករំលែក និងពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដកពិសោធន៍ ឬឧត្តមានុវត្តន៍នៃការអនុវត្តន៍ការងារសមរម្យឆ្នាំ២០២១។ ៣៖ បញ្ជាក់ ឬកែសម្រួលនូវចំណុចអាទិភាពសំខាន់ៗ ជាពិសេសគាំទ្រដល់ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ១៩។ ៤. ពិភាក្សាពីផែនទីបង្ហាញផ្លូវការរៀបចំកម្មវិធីការងារសម្រាប់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០២៨។

ឯកឧត្តមរដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ជូនពីការខិតខំរបស់ក្រសួងក្នុងការគិតគូរដោះស្រាយដល់ការផ្តល់កិច្ចគាំពារ និងផ្តល់ជូននូវអត្ថប្រយោជន៍នានាជូនដល់កម្មករនិយោជិត ក៏ដូចជាធានាបានឱ្យនិយោជកអាចរក្សាបាននូវផលិតកម្ម អាជីវកម្មនៃរោងចក្រសហគ្រាសរបស់ខ្លួន ជាពិសេសការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៃអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ ក្រុមការងារយុទ្ធនាការផ្សព្វផ្សាយស្តីពីការដាក់ឱ្យដំណើរការនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបានធ្វើយុទ្ធនាការ៩០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បាននិងកំពុងបន្តផ្សព្វផ្សាយយ៉ាងផុសផុស ហើយកម្មករនិយោជិតពិតជាសប្បាយរីករាយយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាល ដែលគិតគូរដល់អត្ថប្រយោជន៍នេះជូនគាត់ ពេលគាត់ចាស់ជរាទៅ ឬបាត់បង់សមត្ថភាពការងារ ដែលរហូតមកដល់ពេលនេះក្រុមការងារបានផ្សព្វផ្សាយដោយផ្ទាល់ដល់កម្មករនិយោជិតប្រមាណជាង៩៥ម៉ឺននាក់ហើយ។

ដោយឡែក លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំប្រទេសថៃ កម្ពុជា ឡាវ ក៏បានលើកសរសើរអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ជុំវិញការរៀបចំនូវកម្មវិធីការងារសមរម្យ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោកថា កម្ពុជាជាប្រទេសមួយដែលបានរៀបចំកម្មវិធីការងារសមរម្យនេះច្រើនជាងគេ។

ជាមួយគ្នានោះ លោក អាត់ ធន់ តំណាងសហជីព ក៏បានលើកឡើងអំពីក្ដីសង្ឃឹមរបស់លោកចំពោះការចូលរួមផ្ដល់កិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាលទៅលើវិស័យផ្សេងទៀតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ជាក់ស្ដែងដូចជាការផ្ដល់នូវប្រាក់សោធននិវត្តន៍ដល់កម្មករនិយោជិតជាដើម។

លោក Mattew Nicolas Rendall តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានថ្លែងពីការកោតសរសើរចំពោះកម្មវិធីនេះ ដែលគ្រប់ភាគីពាក់ព័ន្ធបានចូលរួមសហការល្អ ខាងភាគីនិយោជកនឹងបន្តចូលរួមសហការកាន់តែជិតស្និទ្ធជាមួយក្រសួង និងអង្គការអន្តរជាតិខាងការងារបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជាពិសេសផ្ដល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់៕