ពលរដ្ឋងាយរងគ្រោះ៤០០គ្រួសារ នៅក្រុងតាខ្មៅ ទទួលបានអំណោយពីធនាគារអភិវឌ្ឍន៍ឥស្លាម


នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៤០០គ្រួសារ មកពីស្រុកស្អាង ស្រុកខ្សាច់កណ្តាល និងសង្កាត់ដើមមាន ក្រុងតាខ្មៅ ដែលពិធីនេះ ធ្វើឡើងនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីខាងលើក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ លោកឧត្ដមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងតំណាង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការខេត្តកណ្តាល, លោក ខឹម សំភារ អភិបាលក្រុងតាខ្មៅ, លោក លោកស្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អជ្ញាធរមូលដ្ឋាន និងយុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៀតនោះ រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ពលរដ្ឋកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ កម្ពុជាបានក្លាយប្រទេសមួយដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយលិទ្ធផលល្អ និងមានការកោតសរសើរពីជំវិញពិភពលោក។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ទី៤ ឬទី៥ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម អូស្មាន ហាស្សាន់ ក៏បានលើកពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន រាជរដ្ឋាភិបាលកម្ពុជា ដោយកម្ពុជាបាន ផ្ដល់គ្រូក្របខ័ណ្ឌខ្មែរឥស្លាមចំនួន ១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមបម្រើការងារជាមួយ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា។

ទាំងនេះគឺជាសមិទ្ធផលដែលកេីតឡេីងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូចច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។

សូមជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង ៤០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ប្រេងឆា ២លីត្រ ស្ករស ២គីឡូក្រាម មីខ្លាឃ្មុំ ១០កញ្ចប់ ត្រីខ ៤កំប៉ុង អំបិល ១គីឡូក្រាម សាប៊ូដុសខ្លួន ៤ដុំ និងសាប៊ូលាងចាន ១ដប។

បន្ទាប់ពីបានចែកអំណោយខាងលើ ឯកឧត្តមបណ្ឌិត ក៏បានដឹកនាំគណៈប្រតិភូនាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃគង់នៅវត្តបុទមសាគរ (ហៅវត្តក្របៅ) ដោយក្នុងនោះ មានអង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីវអុីវ ៥យួរ ប្រេងឆា ១០លីត្រ ទឹកសុទ្ធ ៥កេស និងថវិកា ១០០ដុល្លារផងដែរ។

សម្រាប់អំណោយដែលទទួលបានពី ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ដែលជាធនាគាររបស់បណ្ដាប្រទេស ជាសមាជិកនៃអង្គការ សហប្រតិបត្តិការឥស្លាម (OIC) ដែលមាន ៥៧ ប្រទេសជាសមាជិក និងមានស្នាក់ការកណ្ដាល នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋកម្ពុជាមាន ៣,០០០ កញ្ចប់ ក្នុងនោះចែកជូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញចំនួន ៦០០កញ្ចប់ ខេត្តកណ្តាល ៤០០កញ្ចប់ ខេត្តកំពង់ឆ្នាំង ៤៥០កញ្ចប់ ខេត្តកំពង់ស្ពឺ ២០០កញ្ចប់ ខេត្តពោធិ៍សាត់ ៦០០កញ្ចប់ ខេត្តបាត់ដំបង ៤៥០កញ្ចប់ និងខេត្តបន្ទាយមានជ័យ ៣០០កញ្ចប់។

ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតបញ្ញវន្តមុស្លិមកម្ពុជាសរុបចំនួន ១០៥នាក់ ក្នុងនោះមានស្រី ៤២នាក់ និងមាន ២៤ជំនាញខុសៗគ្នា ដោយគិតមកដល់សព្វថ្ងៃនេះបានបញ្ចប់ការសិក្សា ៩៤នាក់ (ស្រី ៣៥នាក់) ក្នុងនោះសិក្សាក្នុងប្រទេសមានចំនួន ៥៣នាក់ (ស្រី ១៩នាក់) សិក្សានៅប្រទេសឥណ្ឌូនេសុី ៣៣នាក់ (ស្រី១២នាក់) និងសិក្សាប្រទេសប៉ាគីស្ថាន ០១នាក់។អ្នកកំពុងបន្តការសិក្សាក្រោមអាហារូបករណ៍នៃ ធនាគារខាងលើមានចំនួន ១១នាក់ ស្រី០៧នាក់ សិក្សានៅក្នុងប្រទេសកម្ពុជា។

គិតមកត្រឹមបច្ចុប្បន្ននេះមាន ០៧នាក់ ដែលជាអតីត និសិ្សតអាហារូបករណ៍ខាងលើ បានក្លាយជាអ្នកនយោបាយជាន់ខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ លើសពីនោះទៀតនោះ ធនាគារអភិវឌ្ឍន៍ឥស្លាម ក៏បានជួយសាងសង់សាលារៀនជាច្រើនខ្នងដល់សហគមន៍ឥស្លាមកម្ពុជា ដូចជានៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា និងនៅតាមបណ្ដារាជធានី-ខេត្ត ផ្សេងៗជាច្រើនទៀតផងដែរ៕