ក្រសួងសេដ្ឋកិច្ច និង IMF រួមគ្នារៀបចំសិក្ខាសាលាតំបន់ស្តីពី រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


នៅសណ្ឋាគារ Sofitel Angkor Phokeethra ខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានសហការជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រៀបចំសិក្ខាសាលា ប្រចាំតំបន់ស្តីពី «រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយកម្មការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ វាគ្មិន និងអ្នកជំនាញការជាន់ខ្ពស់មកពីស្ថាប័នដៃគូ និងតំណាងមកពីបណ្តា ប្រទេសក្នុងតំបន់។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងបន្តថា សិក្ខាសាលា ដែលគ្រោងប្រព្រឹត្តិទៅរយៈពេល៥ថ្ងៃនេះ មានគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីវឌ្ឍនភាព នៃឌីជីថលភាវូបនីយកម្ម នៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ សំដៅផ្តល់ឱកាស ឱ្យអ្នកចូលរួមបានយល់ដឹង ពីសញ្ញាណថ្មីៗ ពាក់ព័ន្ធនឹងឌីជីថល នីយកម្មក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការលេចឡើងនូវរដ្ឋាភិបាលឌីជីថល និងផលប៉ះពាល់នៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីផ្តល់ការទ្រទ្រង់ ដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមក៏មានប្រសាសន៍ផងដែរថា បច្ចុប្បន្នស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល បានធូរស្បើយ ហើយកំណើនសេដ្ឋកិច្ចសកល ត្រូវបានរពឹងថា នឹងបន្តងើបឡើងវិញ ឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃតម្រូវការសកល ទាំងទំនិញ និងសេវា រំហូរវិនិយោគ និងការធ្វើដំណើរ ទាំងសម្រាប់គោលបំណងដើរកម្សាន្ត និងធុរកិច្ច។ ក៏ប៉ុន្តែកំណើន សេដ្ឋកិច្ចសកល និងតំបន់ នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់នៅឡើយដែលរួមមាន៖

*ទី១៖ អត្រាអតិផរណាខ្ពស់
*ទី២៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់ថ្លៃ ទំនិញសកល រំហូរពាណិជ្ជកម្ម និងវិនិយោគសកល ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុ
*ទី៣៖ ការឡើងថ្លៃប្រាក់ដុល្លារអាមេរិក និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ របស់បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន ដែលធ្វើឱ្យអត្រាការប្រាក់សកលបន្តកើនឡើង
*ទី៤៖ ការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិន។

ឯកឧត្តមបានបន្តថា សម្រាប់កម្ពុជា បន្ទាប់ពីបានបើកប្រទេសវិញ ទាំងស្រុងនៅខែវិច្ឆិកា ឆ្នាំ២០២១ សេដ្ឋកិច្ចត្រូវបានវាយតម្លៃថា នឹងបន្តឈាន ទៅរកវិថីកំណើនឡើងវិញ ដោយសារការសម្រេច បាននូវភាពស៊ាំសហគមន៍កម្រិតខ្ពស់ ក៏ដូចជាការសម្របខ្លួនទៅនឹង គន្លងប្រក្រតីភាពថ្មីរបស់ប្រជាជនទូទៅ និងអាជីវកម្ម។ ចន្ទល់សេដ្ឋកិច្ចស្ទើរគ្រប់វិស័យ ត្រូវបានរំពឹងថា នឹងមានកំណើនឡើងវិញ គួរឱ្យកត់សម្គាល់ ដោយសារនិន្នាការ ល្អប្រសើរ នៃតម្រូវការសកល និងការបន្តដាក់ចេញគោលនយោបាយសេដ្ឋកិច្ចសង្គម ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២២នេះ ត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៥,៤% និងជាង ៦% ក្នុងឆ្នាំ ២០២៣ ហើយអតិផរណាស្ថិត ក្នុងរង្វង់ប្រមាណជាង ៥% សម្រាប់ឆ្នាំ២០២២នេះ និងប្រមាណ ៣% សម្រាប់ឆ្នាំ២០២៣។

ទោះជាយ៉ាងនេះក្តី កម្ពុជាដែលជាប្រទេស មានសេដ្ឋកិច្ចបើកចំហ និង មានការផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយតំបន់និងសកល កំពុងតែជួបប្រទះនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ពីខាងក្រៅដូចបានគូសបញ្ជាក់ខាងលើ គួបផ្សំនឹងបញ្ហាប្រឈមក្នុងស្រុក ដែលកាន់តែស្មុគស្មាញជាងមុន។

ការណ៍នេះទាមទារឱ្យ យើងត្រូវបន្តដោះស្រាយបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា ហើយបន្តពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តវិធានការដែលបានដាក់ចេញដើម្បី លើកកម្ពស់ភាព ប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសតាមរយៈការជំរុញ និងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល ក្នុងគ្រប់វិស័យ រាប់ទាំងវិស័យហិរញ្ញវត្ថុសាធារណៈផងដែរ។

ឯកឧត្តម វង្សី វិស្សុត ក៏បានបន្តលើកឡើងថា ក្នុងយុគសម័យសកលភាវូបនីយកម្មឌីជីថល ដែលមានបដិវត្តន៍ឧស្សាហកម្ម ៤.០ ជានិន្នាការដឹកមុខ, បច្ចេកវិទ្យាឌីជីថលបានបោះ ជំហានយ៉ាងលឿន ហើយបានក្លាយជាកត្តាគន្លឹះ សម្រាប់ជំរុញ ការគ្របដណ្តប់ និងការតភ្ជាប់បណ្តាសេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតរមួត, ខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក។ រហូតមកដល់បច្ចុប្បន្ននេះ គ្រប់វិស័យសេដ្ឋកិច្ចសុទ្ធសឹង ទទួលរងឥទ្ធិពល ពីបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។

ដោយមើលឃើញពីឧត្តមប្រយោជន៍ របស់បច្ចេកវិទ្យាឌីជីថល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ, កាលពីឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល ក៏បានប្រកាស ដាក់ឱ្យអនុវត្ត គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថល ប្រព័ន្ធអភិបាលកិច្ច របស់វិស័យសាធារណៈ, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, សំដៅកសាងរដ្ឋាភិបាលរឹងមាំ ឆ្លាត និង ស្អាតស្អំ។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ យើងបានបន្តការសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យកាន់ តែមានភាពរឹងមាំ ជាមួយនឹងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀត មានដូចជា ការកសាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិ ក៏ដូចជាការកសាង និង អភិវឌ្ឍធនធានមនុស្ស ដែលកត្តានឹងជួយគាំទ្រ ដល់ការងារកែទម្រង់ របស់យើងផងដែរ។ ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ, រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបានបន្តខិតខំរៀបចំ និងដាក់ឱ្យអនុវត្តនូវ ផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តប៉ុណ្ណោះទេ តែយើងក៏បានកសាងប្រព័ន្ធ និងសិក្សានូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់តួអង្គទាំងអស់ ដោយក្នុងនោះក៏មានបណ្តាដៃគូអភិវឌ្ឍន៍ ដើម្បីរក្សាបាននូវជវភាព នៃការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ របស់យើងផងដែរ។ សំខាន់ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ដើម្បីជាមូលដ្ឋាន សម្រាប់ ការរៀបចំថវិកាសមិទ្ធកម្មផ្អែកលើព័ត៌មាន ក៏ដូចជាដើម្បីកសាង នូវប្រព័ន្ធនៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ជារួម ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលទៅនឹងកម្មវិធីកែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើឱ្យការប្រមូលចំណូល មានភាពល្អប្រសើរឡើងជារៀងរាល់ឆ្នាំ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រគៀរគរចំណូល, ពិសេសការពង្រីក នូវការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់គ្រប់គ្រងការប្រមូលពន្ធ ដូចជា E-Registraion, E-Filing, E-Payment និង E-VAT refund, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធអាស៊ីគូដា)ជាដើម។ បន្ថែមពីនេះ, ដើម្បីសម្រេចបានប្រសិទ្ធភាព នៃការអនុវត្តថវិកា និងគណនេយ្យភាពហិរញ្ញវត្ថុ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) ត្រូវបានដាក់ឱ្យអនុវត្ត ទៅដល់គ្រប់ក្រសួងស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្តទាំង ២៥, អង្គភាពថវិកាអាណាប័កផ្ទេរ សិទ្ធិពេញលេញចំនួន ១០ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើតនូវរដ្ឋាភិបាលឌីជីថល នឹងនាំមកនូវបច្ច័យវិជ្ជមានចំនួន ៤ ធំៗរួមមាន៖
*ទី១៖ ការកាត់បន្ថយនីតិវិធីការងារ ដែលមានភាពសុំាំញុំាំ ឱ្យមកកាន់តែងាយស្រួល ឆាប់រហ័ស និង មានប្រសិទ្ធភាព
*ទី២៖ ការពង្រឹងអភិបាលកិច្ចល្អ និងស័ក្ខសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ
*ទី៣៖ ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ
*ទី៤៖ ការធ្វើឱ្យប្រព័ន្ធថវិកា កាន់តែមានភាពជឿទុកចិត្ត និងក្លាយជាឧបករណ៍ដ៏សំខាន់ សម្រាប់ទ្រទ្រង់ និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងមានបុរេលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាគណនេយ្យភាព តម្លាភាព និងបិរយាប័ន្នហិរញ្ញវត្ថុ៕