សម្តេចតេជោ ហ៊ុន សែន គាំទ្រការបើកក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការគាំទ្រពេញទំហឹងចំពោះការបើក និងដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលជាការផ្តួចផ្តើមឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងជំនួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានស្នើសុំសម្តេចតេជោ ឱ្យគាំទ្រទៅលើសកម្មភាពមួយចំនួនរបស់វិទ្យាស្ថាននៅក្នុងប្រទេសកម្ពុជា។

កិច្ចការដែលលោក យ៉េវ បានស្នើសុំសម្តេចតេជោគាំទ្រនោះរួម ១៖ គាំទ្រការដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅចម្បងចូលរួមចំណែកជួយផ្តល់ធាតុចូលដល់អាស៊ាន និងជាស្ពានរវាងអាស៊ាន និងស្ថាប័នរដ្ឋ ក៏ដូចជាវិស័យផ្សេងៗទៀត, ២៖ គាំទ្រលើគំនិតផ្តួចផ្តើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិប្រើសម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិមិត្ត។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រទាំងស្រុងលើការងារដែលបានស្នើឡើងខាងលើនេះ។

ពាក់ព័ន្ធការបង្កើត និងដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា សម្តេចតេជោ បានផ្តល់អានុសាសន៍ឱ្យពិចារណាចូលរួមចំណែកពិនិត្យ វាយតម្លៃ និងផ្តល់ធាតុចូលដល់អាស៊ាន និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផងដែរ។

ដោយឡែកគំនិតផ្តួចផ្តើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្តេចតេជោ បានគូសបញ្ជាក់ថា គំនិតនេះស្របនឹងគំនិតរបស់កម្ពុជា ដែលបានលើកទៅអាស៊ាននាពេលកន្លងមក។ នោះគឺសំណើឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន។

នៅក្នុងជំនួបខាងលើនេះ លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព ស្ថេរភាព ធ្វើឱ្យកម្ពុជាក្លាយជាកន្លែងទាក់ទាញប្រកបដោយសក្តានុពលសម្រាប់ការវិនិយោគ ដែលជាកត្តានាំឱ្យកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា លោក Tan Sri Michael Yeoh មានបទពិសោធន៍ជាង ៣៥ឆ្នាំ ក្នុងការគ្រប់គ្រងសាជីវកម្មជាន់ខ្ពស់ ប្រឹក្សាយោបល់ និងក្រុមប្រឹក្សាភិបាល។ បច្ចុប្បន្នលោកជាប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាវិទ្យាស្ថានសិក្សាស្រាវជ្រាវឯករាជ្យមួយមិនរកប្រាក់កម្រៃ ឬផលចំណេញ។ លោកធ្លាប់ជានាយកប្រតិបត្តិ នៃវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី (ASLI)។ លោក ក៏ជាអនុប្រធានអង្គការ Economic Club of Kuala Lumpur និងជានាយក សភាពាណិជ្ជកម្មអង់គ្លេស-ម៉ាឡេស៊ី ព្រមទាំងជាសមាជិកគណៈកម្មាធិការទូទៅនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ីផងដែរ។

លោក ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន MUI Properties (អភិវឌ្ឍអចលនទ្រព្យ), សាជីវកម្ម Pan Malaysia (ការវិនិយោគ និងចំណីអាហារ) និងក្រុមហ៊ុន Kashtec Holdings (បច្ចេកវិទ្យាហិរញ្ញវត្ថុ និង e-Commerce) ព្រមទាំងជាអ្នកតំណាងមូលនិធិ OSK Foundation និង ក្រុមហ៊ុន Yayasan Wesley ។ លោកជាអតីតនាយកក្រុមហ៊ុន Star Media Group វិទ្យាស្ថានជាតិបេះដូង និងសាកលវិទ្យាល័យ Sunway។

លោក Tan Sri Yeoh បានបម្រើការងារក្នុងជួររដ្ឋាភិបាល ក្នុងឋានៈជាតំណាងប្រទេសម៉ាឡេស៊ី (ឋានៈស្មើឯកអគ្គរដ្ឋទូត) នៃក្រុមការងារជាន់ខ្ពស់អាស៊ាន ស្តីពីការតំណភ្ជាប់ សមាជិកគណៈកម្មការប្រកួតប្រជែងម៉ាឡេស៊ី ក្រុមប្រឹក្សាប្រឹក្សាយោបល់សមាជិកនៃគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី និង ស្នងការ នៃ គណៈកម្មការ សិទ្ធិ មនុស្ស (SUHAKAM)។ លោក ធ្លាប់ជាសមាជិកក្រុមប្រឹក្សា National Unity Consultative Council ហើយថ្មីៗនេះគាត់ត្រូវបាន តែងតាំងជាក្រុមប្រឹក្សាប្រតិបត្តិនៃបណ្តាញនិរន្តរភាពអាជីវកម្ម ESCAP របស់អង្គការសហប្រជាជាតិ។

លោកបាននិពន្ធសៀវភៅចំនួន ៥ក្បាល និងបានថ្លែងសុន្ទរថា នៅឯវេទិកាជាច្រើនដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក សហព័ន្ធឧស្សាហកម្មឥណ្ឌា មជ្ឈមណ្ឌលសម្រាប់ប្រទេសចិន និងសកលភាវូបនីយកម្ម សមាគមអាស៊ី វិទ្យាស្ថានអភិវឌ្ឍន៍ចិន សន្និសីទគោលនយោបាយពិភពលោក និងសាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យ Cambridge។

លោកបានទទួលសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Monash និងបណ្ឌិតកិត្តិយសផ្នែកច្បាប់ពី សាកលវិទ្យាល័យ Nottingham ហើយលោកក៏បានចូលរៀនវគ្គគ្រប់គ្រងជាន់ខ្ពស់នៅសាលា Wharton និងសាលា Harvard Business School ផងដែរ។

រីឯវិទ្យាស្ថានយុទ្ធសាស្ត្រ KSI គឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវឯករាជ្យមួយ មិនរកផលចំណេញ ដោយផ្ដោតលើការកែលម្អសុខមាលភាពសេដ្ឋកិច្ចសង្គម ផ្អែកលើការអភិវឌ្ឍគោលគំនិត នយោបាយសាធារណៈតាមរយៈការស្រាវជ្រាវអន្តរកម្មសាធារណៈ និងផ្តល់នូវចំណេះដឹង។ KSI ផ្តល់ការតស៊ូមតិខាងគោលនយោបាយ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងផែនការយុទ្ធសាស្រ្តដល់អ្នកបង្កើតគោលនយោបាយ និងស្ថាប័នានា។

គុណតម្លៃរបស់វិទ្យាស្ថាន KSI នោះ គឺការប្តេជ្ញាចិត្តចំពោះឧត្តមភាពវិជ្ជាជីវៈ និងសុចរិតភាព។ វិទ្យាស្ថាន KSI បាន និងកំពុងជួយក្រុមហ៊ុន និងអង្គការនានា ក្នុងការត្រៀមលក្ខណៈសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ និងយុគសម័យបច្ចេកវិទ្យា តាមរយៈកិច្ចប្រជុំចែករំលែកគំនិតថ្មីៗ ការយល់ដឹង និងជំនាញ។

KSI ក៏ជាលេខាធិការដ្ឋានសម្រាប់ស្ថាប័នមួយចំនួនដូចជា Economic Club of Kuala Lumpur, the Malaysia China Economic Cooperation Council (MCECC) និង Dialog Rakyat៕