រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្តល់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ១១៥គ្រួសារ នៅសង្កាត់ចាក់អង្រែក្រោម, ឯកឧត្តម ឃ្លាំង ហួត ជំរុញមន្ត្រីដែនដីធ្វើការជូនពលរដ្ឋឲ្យបានឆាប់


ដោយបានការអនុញ្ញាតពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឃ្លាំង ហួត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអភិបាលរងរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១១៥គ្រួសារ ដែលបានស្នើសុំផ្តល់ប្រទានកម្ម ដើម្បីកាន់កាប់ និងប្រើប្រាស់ដីលំនៅដ្ឋានស្របច្បាប់ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ, ឯកឧត្តម ឃ្លាំង ហួត បានថ្លែងថា ឯកឧត្តម និងក្រុមការងារ បានចុះមកទទួលយកតាមសំណើរបស់ប្រជាពលរដ្ឋ និងសុំការឯកភាពពីឯកឧត្តម ឃួង ស្រេង ដើម្បីគោរពស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសនោះឯកឧត្តម ឃ្លាំង ហួត បានជំរុញឲ្យមន្ត្រីដែនដី ត្រូវធ្វើការងារនេះឲ្យបានឆាប់ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋឲ្យបានលឿន ចៀសវាងទុកយូរ កើតជាបញ្ហាលាប់។ លោកបន្តថា «យើងបានបំពេញការងារ ជូនបងប្អូនប្រជាពលរដ្ឋហើយ នៅតែបងប្អូនត្រូវជួយមកពួកយើងខ្ញុំវិញ បងប្អូនធ្វើបុណ្យចង់បានបុណ្យ ឯយើងខ្ញុំធ្វើបុណ្យ ក៏ចង់បានបុណ្យដែរ»

ឯកឧត្តមអភិបាលរងរាជធានី បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បន្ទាប់បានកម្មសិទ្ឋិស្របច្បាប់អស់ហើយ ក្នុងនាមលោកទទួលបន្ទុកក្នុងរឿងនេះ លោកនឹងស្នើដល់លោកអភិបាលរាជធានី រៀបចំពិធីចុះមកសំណេះសំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធិបងប្អូនប្រជាពលរដ្ឋតែម្តង។

ជាមួយគ្នានេះឯកឧត្តម ឃ្លាំង ហួត បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ យោគយល់គ្នា សម្របសម្រួលគ្នា កុំមានបញ្ហារឿងព្រំដីជាប់គ្នា កើតជាទំនាស់រវាងគ្នា។ លោកបញ្ជាក់ថា រដ្ឋបាលរាជធានី មិនត្រឹមតែផ្តល់ជូន កម្មសិទ្ធិដីស្របច្បាប់ជូនតែប៉ុណ្ណោះ លោកនឹងជំរុញមន្ត្រីជំនាញខណ្ឌ ចុះរៀបចំបណ្តាញលូ និងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់អោយបានធំ នៅតំបន់ព្រែកតាឡុងនេះឲ្យល្អប្រសើរថែមទៀត។

នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានលើកដៃប្រណម ថ្លែងអំណរដល់សម្តេចតេជោ ហ៊ុន សែន និងលោក ឃួង ស្រេង ដែលបានផ្តល់កម្មសិទ្ធិដីជូនពួកគាត់ ដែលពួកគាតទន្ទឹងរង់ចាំជាយូរមកហើយ៕