សម្តេចតេជោ ហ៊ុន សែន៖ ខណៈពិភពលោកប្រឈមឧបសគ្គច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងវិធានការមួយចំនួនទៀត


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានអាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀតដល់ការរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងវិធានការមួយចំនួនទៀត។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីយើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដែលសម្រេចបានជោគជ័យមួយដ៏ធំ ក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះ ប៉ុន្តែដំណើរការនៃការកសាងសហគមន៍សេដ្ឋកិច្ចរបស់យើង បាននិងកំពុងបន្តប្រឈមនឹងឧបសគ្គដោយសារការផ្លាស់ប្តូរឥតឈប់ឈរ នៃនិម្មាបនកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មតំបន់ និងសកល ដែលបណ្ដាលមកពីបញ្ហាស្មុគស្មាញប្រទាក់ក្រឡាគ្នាជាច្រើន ដូចជា៖ ការបន្តអូសបន្លាយនៃជំងឺកូវីដ១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម។

សម្តេចបានបន្តថា កត្តាទាំងនេះ បានធ្វើ ឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងតំបន់ មានការថមថយគួរឱ្យកត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ការតភ្ជាប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ចតំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។

សម្តេចបានបញ្ជាក់ទៀតថា៖ បន្ថែមលើនេះ ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើបញ្ហាថ្មីៗរួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការការពារពលករចំណាកស្រុក ការអភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមជាដើម៕