រដ្ឋបាលខេត្តបាត់ដំបង រៀបចំពីធីបុណ្យអុំទូក បណ្តែតប្រទីប រយៈពេល២ថ្ងៃ, ពលរដ្ឋច្រើនកុះករ ចូលរួមសប្បាយរីករាយ និងអបអរសាទរ


រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអុំទូក បណ្តែតប្រទីប និងបុណ្យចេញព្រះវស្សា នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីគ្រប់ទិសទី យ៉ាងច្រើនកុះករសប្បាយរីករាយ និងអបអរសាទរ មកមើលលេងកម្សាន្តសប្បាយរីករាយ ក្រោយខកខានរយៈពេល២ឆ្នាំកន្លងមក ដោយសារគ្រោះទឹកជំនន់និងដោយវិបត្តិជំងឺកូវីដ-១៩។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់ អស់លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រដ្ឋបាលក្រុង.ស្រុកប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំង និងគណៈប្រតិភូមកពីខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង,ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, និងខេត្តឧត្តមានជ័យ មន្រ្តីរាជការជាច្រើនរូបចូលរួមផងដែរ។

ឯកឧត្តម សុខ លូ បានថ្លែងក្នុងឱកាសបើកការប្រណាំងទូកនេះថា ខេត្តបាត់ដំបង បានរៀបចំបុណ្យអុំទូក បណ្តែតប្រទីប ប្រពៃណីថ្នាក់ខេត្ត ក្នុងថ្ងៃបុណ្យចេញព្រះវស្សា ជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមតាំង ពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន គឺមានរយៈពេល ២០ឆ្នាំមកហើយ តែដោយសារខេត្តមានគ្រោះទឹកជំនន់ និងបញ្ហាកូវី១៩ ធ្វើឱ្យខកខានប្រារព្វពិធីនេះ រយៈពេល ២ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមកហើយ នៅឆ្នាំ២០២២នេះ គឺជាលើកទី២១ហើយ ដែលខេត្ត បានដំណើរការប្រារព្វពិធីនេះឡើងវិញ។

ឯកឧត្តម សុខ លូ បាមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីបនេះ ដើម្បីចូលរួមថែរក្សានូវប្រពៃណីជាតិដែលជាប់ទាក់ទង ទៅនឹងប្រវត្តិសាស្រ្តសមយុទ្ធនៃកម្លាំងសាមគ្គីកងទ័ពជើងទឹក។
ទូកប្រណាំងដែលគណ:កម្មការបានរៀបចំប្រណាំងមានទូកចំនួន៣៥ទូក កីឡាករ កីឡាការនី សរុបចំនួន ១,២០៣នាក់ កីឡាករពេញសិទ្ធចំនួន ៥៩៥នាក់ កីឡាករបម្រុងមានចំនួន ៣០៨នាក់ ក្នុងនោះមានកីឡាការនីចំនួន ៦០នាក់។

ឯកឧត្តម សុខ លូ បានបន្តថា ក្នុងឱកាសបុណ្យអុំទូកនាឆ្នាំនេះដែរ រដ្ឋបាលខេត្ត ក៏បានរៀបចំការប្រណាំងទូក បណ្តែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច ប្រគុំតន្រ្តីសម័យ និងបានរៀបចំតាំងពិព័រណ៍ លក់ផលិតផលជាច្រើនតូបផងដែរ។

នៅពេលព្រលប់ក៏មានកម្មវិធីបណ្តែតប្រទីបជាច្រើន ដោយសប្បាយរីករាយ និងដើរទស្សនាកម្មវិធីផ្សេងៗនៅពេលនាត្រីផងដែរ៕