ទេសរដ្ឋមន្ត្រី គន់ គីម ទទួលបទបញ្ជាសម្តេចតេជោ ចុះជួបអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប ដាក់ផែនការស្តារការដាំដុះ ក្រោយទឹកស្រកទៅវិញ


ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន និងជាងប្រតិបត្តិករផ្ទាល់លើសមរភូមិគ្រោះមហន្តរាយនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម​ តែងតែផ្សារភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរជាប់ជានិច្ចរាល់ពេលកើតគ្រោះមហន្តរាយ ដើម្បីក្តាប់សភាពការណ៍ វាយតម្លៃសភាពការណ៍ និងឆ្លើយតបនឹងបញ្ហាឱ្យបានទាន់ពេលវេលា។

ក្រៅតែពីការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ហើយនោះ ការងារស្តារលទ្ធកម្មដាំដុះរបស់ប្រជាពលរដ្ឋក្រោយទឹកស្រកទៅវិញ ក៏ជាកិច្ចការដ៏ចាំបាច់ផងដែរ។ អនុវត្តន៍តាមបទបញ្ជាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មិនឱ្យជ្រុះដល់ដីនោះ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានហោះចេញពីខេត្តមួយទៅមួយខេត្តនៅជុំវិញបឹងទន្លេសាប ជួបជជែកជាមួយអាជ្ញាធរខេត្ត ដាក់ចេញនូវវិធានការមួយចំនួន ដើម្បីស្តារការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញ។

ក្នុងជំនួបប្រជុំជាមួយអាជ្ញាធរក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកនូវប្រសាសន៍ជាបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ក្នុងកិច្ចអន្តរាគមន៍ស្តារការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកចុះទៅវិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចតេជោប្រសូត្រចេញ ពីគ្រួសារកសិករ លោកក្តាប់បាន និងមានការយល់ដឹងស៊ីជម្រៅណាស់ពីការលំបាក និងតម្រូវការរបស់ប្រជាកសិករ ដូច្នេះសម្តេចបានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះថា «សម្តេចតេជោ លោកជាអ្នកប្រសូតក្នុងត្រកូលកសិករ ជាអ្នកផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយកសិករ ដូច្នេះទុក្ខលំបាករបស់កសិករ គឺជាទុក្ខលំបាករបស់លោក ហើយលោកយល់ច្បាស់ណាស់ពីស្ថានភាពរបស់កសិករ។ កសិកម្មជាដង្ហើមជីវិតរបស់កសិករ ដូច្នេះត្រូវធានាដល់ការដាំដុះឡើងវិញរបស់កសិករក្រោយពេលទឹកស្រក។ ការស្តារលទ្ធកម្មដាំដុះរបស់កសិករជារឿងចាំបាច់ណាស់ សម្រាប់ការទ្រទ្រង់ស្បៀងអាហារក្នុងគ្រួសារនីមួយៗ ក៏ដូចជាស្ថេរភាពស្បៀងសម្រាប់ប្រទេសផងដែរ»

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម សហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗ ដែលត្រូវស្តារឡើងវិញ ក្នុងពេលស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែសិក្សា​អំពីការ​ស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករ ដែលប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់ស្រកទៅវិញ។

យោងតាមរបាយការណ៍ បានបង្ហាញថា ខេត្តសៀមរាប មានស្រុកចំនួន ៩ បានរងប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានដំណាំស្រូវ ប៉ះពាល់ ៣២,៤៦៥ហិកតា ស្មើនឹង ២៥,៦២៣គ្រួសារ។ ក្នុងនោះដំណាំស្រូវខូចខាត មាន ២,៧៨៣ហិកតា ខណៈទំហំ​ការ​ខូចខាតនេះ គ្រោងធ្វើការស្តារឡើង ជំហានដំបូង ១,៥០០ហិកតា។

ដោយឡែកខេត្តកំពង់ធំ បានរងផលប៉ះពាល់ដំណាំស្រូវសរុប ២៧,៣៤៥ ហិកតា ខូចខាត ៩,៥០០ហិកតា ស្មើនឹង ១,៥២២៣​គ្រួសារ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមបញ្ចេញស្រូវពូជ និងពូជដំណាំរួមផ្សំផ្សេងៗ ស្តារការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញ ក្រោយពេលទឹកស្រក៕