ឯកឧត្តម​ ជា ចាន់តូ៖ ទោះស្ថិតនៅតំបន់ឆ្ងាយយ៉ាងណា ឲ្យតែមានសន្តិភាព ទីកន្លែងនោះក៏ទទួលបានការអភិវឌ្ឍ ដូចតំបន់ផ្សេងទៀត


ឯកឧត្តម​ ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល​ ចុះជួយខេត្តកំពង់ធំ​ បានលើកឡើងថា ទោះស្ថិតនៅតំបន់ឆ្ងាយយ៉ាងណាក៏ដោយ ឲ្យតែមានសន្តិភាពទីកន្លែងនោះក៏ទទួបានការអភិវឌ្ឍដូចៗនឹងតំបន់ផ្សេងទៀតដែរ។

ការលើកឡើងរបស់ឯកឧត្តម​ ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងភរិយា​ ព្រមទាំងសម្តេចព្រះពុទ្ធជ័យមុនី​បណ្ឌិត ឃឹម​ សន​ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃកម្ពុជា​ និងជាព្រះមេគណរាជធានីភ្នំពេញ ដែលបានអញ្ជើញ និងនិមន្តជាព្រះអធិបតីភាព​ បុណ្យបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងពុទ្ធាភិសេក វត្តទីបការាម ហៅវត្តពៅវើយ ស្ថិតនៅក្នុងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម ជា ចាន់តូ​ បានអំពាវនាវចំពោះព្រះសង្ឃ​ និងប្រជាពលរដ្ឋរស់នៅឃុំពៅវើយទាំងអស់​រួមសាមគ្គីគ្នាក្នុងការថែរក្សាសន្តិភាពឲ្យបានគង់វង្ស​ ដើម្បីការពារសមិទ្ធផលដែលជាកេរ្តិ៍ដំណែលពីបុរាណ និងសមទ្ធផលដែលបានខិតខំកសាងឲ្យបានល្អ​ សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ និងបានរស់នៅដោយសេចក្ដីសុខសាន្ត ក្នុងសុខសន្តិភាពព្រោះថាគ្មានអ្វីមានតម្លៃជាងសុខសន្តិភាពនោះទេ។

ឯកឧត្តមបានបន្តទៀតថា​ បើយើងការពារសន្តិភាពបានល្អ​ និងស្ថិតស្ថេរនោះយើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត​ ក្នុងនោះរួមទាំងវិស័យពុទ្ធចក្រផងដែរ។ ជាក់ស្ដែងដូចព្រះវិហារថ្មីវត្តពៅវើយដ៏ស្គឹមស្កៃបង្ហាញខ្លួន​ អណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបនេះជាសក្ខីភាពស្រាប់ ។

ឯកឧត្តមបន្ដថា​ តើយើងបាននឹកស្មានថា​ តំបន់ដាច់ស្រយ៉ាលមួយនេះទទួលបានការីកចម្រើនដូចសព្វថ្ងៃនេះទេទាំងនេះមិនបានមកដោយសារគុណបុណ្យសន្តិភាព និងកាដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន និងការចូលរួមពីមហាកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា​ ព្រះវិហារថ្មីវត្តពៅវើយនេះ​ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ី ណា។

នៅក្នុងឱកាសនោះសម្តេចព្រះពុទ្ធជ័យមុនី​បណ្ឌិត ឃឹម​ បានឧបត្ថម្ភម៉ាស៊ីនភ្លើងមួយគ្រឿង​ តាមការបិណ្ឌបាត្ររបស់ព្រះចៅអធិការវត្តពៅវើយ​ ហើយឯកឧត្តម ជា ចាន់តូ និងលោកជំទាវបានប្រគេនបច្ច័យ៥០លានរៀល​ ដើម្បីទុកកសាងសមិទ្ធផលក្នុងវត្តបន្ត​ និងបានចែកអំណោយដ៏សប្បុរស មានថវិកា ,ក្រណាត់,សារុង និងសម្ភារៈសិក្សាដែលបានចូលមាន​លោកយាយលោកតាចំនួន៥៥នាក់​ ប្រជាពលរដ្ឋចំនួន៨៣០នាក់​ និងសិស្សនុសិស្ស២៥០នាក់​ ព្រមទាំងកម្លាំងដែលបានបំរើការក្នុងកម្មវិធីផងដែរ៕