សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន២


គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបើកប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានរបៀបវារៈចំនួន០២។

របៀបវារៈចំនួន០២នោះ រួមមាន៖

១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤។
២៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨៖០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕