អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៧០គ្រួសារ


លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ មកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៧០គ្រួសារ ស្ថិតនៅក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោក ធឹម សំអាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។​

ជាមួយគ្នានេះ លោកអភិបាល ក៏សូមឲ្យគ្រួសារទាំងអស់មេត្តា ខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមអនុវត្តវិធានការបង្ការ​ និងការពារខ្លួនពីជំងឺកូវីដ-១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើឲ្យសង្កាត់ទាំងអស់ ធ្វើបញ្ជីបច្ចុប្បន្នភាព ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬដោយរងគ្រោះដោយប្រការណាមួយ ត្រូវពិនិត្យ និងយកចិត្តទុដាក់ អោយបានច្បាស់លាស់ ដើម្បីឲ្យអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ បន្តសកម្មភាពមនុស្សធម៌ អោយដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។​

អំណោយ ដែលចែកជូនរួមមាន៖ អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន២០កញ្ចប់, ត្រីខ ចំនួន០២កំប៉ុង, ទឹកស៉ីអ៉ីវ ចំនួន០២ដប, ទឹកត្រី ចំនួន០២ដប និងទឹកផ្លែឈើ ចំនួន០២កំប៉ុង៕