ប្រជុំពិភាក្សា រកដំណោះស្រាយ និងផ្សព្វផ្សាយ តួនាទីភារកិច្ច របស់ក្រុមចលនាស្ត្រីខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ លោកជំទាវ ឯម ប៉ុណ្ណា សមាជិការរដ្ឋសភា និងជាសមាជិកាអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា រកដំណោះស្រាយ និងផ្សព្វផ្សាយអំពីតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារ របស់ក្រុមចលនាស្រ្តីខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ ដោយបានការចូលពី លោក លោកស្រី ក្រុមប្រឹក្សា សមាជិកកិត្តិយស សមាជិកគណៈកម្មការ និងក្រុមចលនាស្ត្រី ស្រុក ក្រុង និងបណ្តាមន្ទីរយ៉ាងច្រើនកុះករ។

លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តពោធិ៍សាត់ មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺធ្វើការពិភាក្សា រកដំណោះស្រាយ ចំណុចខ្លាំង ចំណុចខ្សោយ និងធ្វើការផ្សព្វផ្សាយនូវតួនាទីភារកិច្ច រចនាសម្ព័ន្ធចាត់តាំង និងរបៀបរបបធ្វើការងារ របស់ចលនាស្ត្រី តាំងពីថ្នាក់ខេត្ត ស្រុកក្រុង មន្ទីរអង្គភាព និងរហូតដល់ភូមិ ឃុំ ជាការរួមចំណែកក្នុងការជម្រុញនូវសកម្មភាព ឆ្ពោះទៅទទួលបានជោគជ័យការបោះឆ្នោតសកលនាឆ្នាំ២០១៨ខាងមុខនេះ។ លោកជំទាវបានរំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ខេត្តពោធិ៍សាត់ទទួលបានចំណាត់លេខ១ ទូទាំងប្រទេស ប៉ុន្តែចំនួនអាសនៈមួយចំនួន ត្រូវបាត់បង់ផងដែរ ហេតុនេះទាមទាយើងទាំងអស់គ្នា ជាពិសេសបងប្អូនស្ត្រីត្រូវតែរួបរួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងនៅថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរអង្គភាព ឱ្យកាន់តែសស្រាក់សស្រាំ។ លោកជំទាវបានសំណូមពរសូមឱ្យកិច្ចប្រជុំនេះ ស្វែងរកនូវគន្លឹះ ចំណុចខ្លាំង ចំណុចខ្សោយ និងភាពជាក់លាក់បន្ថែមទៀត យកមកធ្វើការពិភាក្សាដោះស្រាយ និងផ្តល់ជាគំនិត ដើម្បីយើងមានមូលដ្ឋានច្បាស់លាស់ ក្នុងការអនុវត្តជាបន្តបន្ទាប់។

បន្ទាប់ពីតំណាងនារីក៏ដូចរដ្ឋបាលស្រុក ក្រុង បណ្តាមន្ទីរ និងបណ្តាញស្រ្តី បានលើកឡើងអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងបានលើកជាសំណូមពរ ត្រូវបានអង្គប្រជុំធ្វើការពិភាក្សាយ៉ាងល្អិតល្អន់នោះរួចមក លោកជំទាវ ឯម ប៉ុណ្ណា បានជម្រាបជូនបន្ថែមថា ក្រុមចលនាស្ត្រីមានភារកិច្ចកសាងផែនការ ឈ្វេងយល់នូវរាល់ ចំណុចសកម្ម បញ្ហាប្រឈម ជម្រុញនូវគោលនយោបាយ គោលការច្បាប់ ស្វែងរកប្រភពធនធាន និងត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងច្បាស់ត្រឹមត្រូវ។ លោកជំទាវបានសំណូមពរដល់ថ្នាក់ដឹកនាំ គ្រប់ផ្នែក គ្រប់ថ្នាក់ជាពិសេសបណ្តាញចលនាស្ត្រីតាមបណ្តាមន្ទីរអង្គភាព ត្រូវតែបន្តការខិតខំប្រឹងប្រែង ធ្វើការអប់រំផ្សព្វផ្សាយ និងក្តាប់នូវសតិអារម្មណ៍ របស់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងខណៈនោះដែរ លោកជំទាវ ឯម ប៉ុណ្ណា ក៏បានថ្លែងនូវអំណរគុណដល់ លោកជំទាវ ហ៊ុន ចាន់ធី ដែលលោកជំទាវតែងតែចូលរួមជួយឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារដល់សាខាសមាគមនារីខេត្ត បានដំណើរការសកម្មភាពរបស់ខ្លួនបានដោយរលូន៕