ក្រសួងការបរទេស បង្ហាញលទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត មកកាន់កម្ពុជា


តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ លោកក៏មានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ ព្រមទាំងបានជួបពិភាក្សាទ្វេភាគជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

អំឡុងទស្សនកិច្ចនេះ កម្ពុជា-ទីម័របានចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖

ទី១៖ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

ទី២៖ កិច្ចព្រមព្រៀង ស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល
នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

អំឡុងទស្សនកិច្ចនេះ ប្រធានាធិបតីទីម័រ មិនបានភ្លេចឡើងក្នុងការថ្លែងអំណរគុណដល់កម្ពុជា ដែលបានខិតខំជួយ និងគាំទ្រប្រទេសទីម័រខាងកើត ធ្វើជាបេក្ខភាពសមាជិកទី១១ របស់អាស៊ាន និងការផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារបរិក្ខាជាច្រើន ដល់ប្រទេសទីម័រកន្លងមក៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រ៖