សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាពលរដ្ឋដែលធ្វើការសម្រេចចិត្តប្រកបដោយភ្លាមឆ្លាតវៃ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖ «បងប្អូនដែលបានចាប់ឆ្នោតរួចមកហើយ ដែលសុខចិត្តចាកចេញពីរមណីយដ្ឋានអង្គរ មកនៅទីនេះ អាចចាត់ទុកថា ជាការជ្រើសរើសដ៏ឆ្លាតវៃមួយក្នុងកាលៈទេសៈចាំបាច់ ដែលមកកាន់ទីនេះ យើងមានការទ្រទ្រង់ខាងហេដ្ឋារចនាសម្ព័ន្ធ ការទ្រទ្រង់ទៅលើផ្នែកដទៃទៀត ក្នុងនោះរាប់ទាំងការទ្រទ្រង់អំពីកិច្ចគាំពារសង្គម»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការដាក់បញ្ចូលប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ ដែលឆ្នាំ២០២២ ក៏ជាខួបលើកទី៣០ នៃការដាក់បញ្ចូលប្រសាទដ៏ល្បីរបស់កម្ពុជានេះដែរ។ សម្តេចបញ្ជាក់ថា ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌនេះ តម្រូវឱ្យគោរពលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចបំពាន ជាមួយនឹងគោលការណ៍នេះបានទេ យើងត្រូវខិតខំដោះស្រាយ បើមិនដូច្នោះទេ អង្គររបស់យើងប្រឈមនឹងការបណ្តេញចេញ ហើយការបណ្តេញចេញនេះ មិនមែនជាបញ្ហាថ្មីរបស់អង្គការយូណេស្កូ ប៉ុន្តែប្រទេសជឿនលឿនខ្លះក៏មានការបណ្តេញចេញ ដូចជាអាល្លឺម៉ង់ជាដើម ក៏ធ្លាប់មានការបណ្តេញចេញ ដោយសារមិនគោរពតាមលក្ខខណ្ឌនៃការកំណត់របស់អង្គការយូណេស្កូ»។
សម្តេចតេជោបានបន្ថែមថា បើសិនជាប្រជាពលរដ្ឋបន្តរស់នៅខុសច្បាប់នៅតំបន់អង្គរនេះ ប្រជាពលរដ្ឋមិនមានសិទ្ធិអភិវឌ្ឍអ្វីទាំងអស់ មិនមានកម្មសិទ្ធិដីធ្លីនោះឡើយ ប៉ុន្តែនៅពេលទៅរស់នៅតំបន់រុនតាឯក ដែលថ្ងៃខាងមុខ ក្លាយជាទីប្រជុំជន ពួកគាត់មានភាពជាកម្មសិទ្ធិពេញលេញ ដែលអាចអភិវឌ្ឍបន្តបាន។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា រហូតដល់ពេលនេះ មានប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់បានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩ ៣២៣គ្រួសារ ក្នុងនោះ ៥ ៨២៣ គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍រុនតាឯក និង ៣ ២០០ គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង៕