គ.ជ.ប ប្រកាសពីលទ្ធផលថ្ងៃទី១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២, ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ១៦,៤៣៣នាក់


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្ដោះអាសន្នថ្ងៃទីមួយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

លទ្ធផលបណ្ដោះអាសន្នថ្ងៃទីមួយមានដូចខាងក្រោម៖

* ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៦,៤៣៣នាក់។

* អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៥,៤៤២នាក់។

* អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន៩៥០នាក់។

* អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន៥,១៤២នាក់។

គួរជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ៖

* ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។

* ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រចាំថ្ងៃ៕