អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមផ្តល់ជូនពលរដ្ឋងាយរងគ្រោះ៥៥គ្រួសារ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ


នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រជនងាយរងគ្រោះ ចំនួន៥៥គ្រួសារ នៅបរិវេណវត្តក្របីក្រៀក ឃុំឈូក ស្រុកក្រូចឆ្មារ។

ពិធីចែកអំណោយនេះ មានការចូលរួមពីសំណាក់ សមាជិក-សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមស្រុក និងមន្ទីពាក់ព័ន្ធជុំវិញខេត្ត។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូ យកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋានគ្រប់ទីកន្លែង។

លោកបណ្ឌិត បានបញ្ជាក់ថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលទុក្ខចោល ប្រជាពលរដ្ឋឱ្យទទួលរងផលប៉ះពាល់ មានការលំបាកខ្វះខាត និង ងាយរងគ្រោះ ដែលតែងតែស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឱ្យរួចផុតបីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ជូនប្រជាពលរដ្ឋ។

សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លាផ្ដល់ជូនក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១ កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ១០កំប៉ុង និងថវិកា ២០,០០០ រៀល ផងដែរ ព្រមទាំងចែកនំចំណីដល់កុមារាកុមារី ដោយក្តីអាណិតស្រលាញ់ផងដែរ៕