ឯកឧត្តម​ ណុប​ រ័ត្ននិមល​៖ សម្តេចតេជោ ហ៊ុន សែន បានអប់រំបុត្រឲ្យខិតខំបម្រើជាតិ និងពលរដ្ឋដោយគុណធម៌ ដូចពាក្យខ្មែរថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់


ឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចតេជោ បានអប់រំណែនាំបុត្រឲ្យខិតខំបម្រើជាតិ និងប្រជាពលរដ្ឋប្រកបដោយគុណធម៌ ដូចពាក្យខ្មែរថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។

ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសតំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន ដង្ហែអង្គកឋិនទានសាមគ្គី​ រួមជាមួយពុទ្ធបរិស័ទ ទៅវេរប្រគេនព្រះសង្ស ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅក្នុងពទ្ធសីមាវត្តវិហារបិទមាស និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ និងយុវជន​ ចំនួន​ ១.២០០នាក់​ ស្ថិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ នៅថ្ងៃអាទិត្យ​ ទី២៣​ ខែតុលា​ ឆ្នាំ​២០២២។

ឯកឧត្តម ណុប​ រ័ត្ននិមល​ បានបញ្ជាក់ថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់​ គឺសម្តេចតេជោ​ ហ៊ុន​ សែន​ បានតស៊ូសង្គ្រោះជាតិឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមរាំរៃទាំងស្រុង​ បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ ទើបយើងមានឱកាសបានស្តារ​ និងអភិវឌ្ឍន៍ប្រទេសជាតិបានដូចសព្វថ្ងៃនេះ ហើយមានការរីកចម្រើនទាំងផ្នែកវិស័យអាណាចក្រ និងពុទ្ធចក្រ ព្រមទាំងបានសាបព្រោះបុត្ររបស់សម្តេចទាំងទ្វេ​ ឱ្យខិតខំបម្រើជាតិ​ និងប្រជាពលរដ្ឋប្រកបដោយគុណធម៌​ ដោយគ្មានលក្ខខណ្ឌ​ ដើម្បីប្រយោជន៍ជាតិ​ ប្រយោជន៍ប្រជាជនកម្ពុជាទាំងមូល​ ការពារសន្តិភាព​ គឺដោយសារមានសុខសន្តិភាព ទើបប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ​ សុភមង្គលគ្រប់ក្រុមគ្រួសារ​»

ស្ថិតក្នុងឱកាសនោះផងដែរ​ ឯកឧត្តម​បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋថា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឱ្យយបានដាច់ខាតនូវសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់​ ព្រោះសន្តិភាពប្រៀបបានដូចជាខ្យល់អុកស៉ីសែន មិនថាមនុស្សជាតិ ឬក៏សត្វនោះទេ គឺត្រូវការជាចាំបាច់ខ្យល់អុកស៉ីសែន ដើម្បីដកដង្ហើមចិញ្ចឹមរស់រានមានជីវិត។

ឯកឧត្តមបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ នាពេលថ្មីៗនេះ​ និងបានចាត់ទុកថា ស្លឹកឈើទណ្ឌិត សម រង្ស៊ី ជាស្លឹកឈើក្បត់ជាតិ​ ជាពូជក្បត់ជាតិ​ ៣ជំនាន់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបំផ្លាញជាតិ​ បំផ្លាញសន្តិភាពប្រជាជន​ ឱ្យវិលទៅរកភាពវឹកវរ​ និរាសព្រាត់ប្រាសគ្រួសារ​ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរសាពស្រឡាញ់របស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន សម្រាប់កសាងសមិទ្ធផលនានា ក្នុងទីអារាម វត្តវិហារបិទមាស មានចំនួន ១៧៣លាន ៦៦ម៉ឺនរៀល និង​ ១ម៉ឺន​ ៣ពាន់ដុល្លា​ ក្នុងនោះបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ តាមរយៈ​នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានចំនួន ៥០លានរៀល, ព្រមទាំងបានប្រគេនព្រះសង្ឃ និងចែកជូនសីលវន្តសីលវត្តី មន្ត្រីអាជ្ញាធរដែនដី ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធជាច្រើនទៀតផងដែរ៕