អភិបាលខណ្ឌចំការមន ដឹកនាំរៀបចំពិធីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ការគិតគូរឡើងវិញពីទេសចរណ៍»


រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញទេសចរណ៍» (Rethinking Tourism) ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ។

ក្នុងនោះ មានការចូលរួមពីលោកអភិបាលខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ/អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១, លោក-លោកស្រីចៅរងសង្កាត់ទាំង០៥, លោក-លោកស្រីប្រធានភូមិទាំង៣៨, លោកប្រធានផ្សារទាំង០២, ក្រុមហ៊ុន ស៊ិន ទ្រី និងមន្ត្រីពាក់ព័ន្ធ។

លោក កៀង ល័ក្ស បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ (RETHINKING TOURISM)» ថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែលបាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជាការបន្តអូសបន្លាយនៃជំងឺកូវីដ១៩, បញ្ហាសង្គ្រាមនៅអ៊ុយក្រែន, ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម។

កត្តាទាំងនេះ បានធ្វើឲ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក, បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃនិងផលិតភាពសកល, និងជាពិសេសធ្វើឲ្យសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ច សកលលោក និងតំបន់មានការថមថយគួរឲ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់សន្ទុះកំណើនទេសចរណ៍អន្តរជាតិ ផងដែរ។

លោកអភិបាលខណ្ឌ បានបន្តថា តាមរយៈបញ្ហាប្រឈមខាងលើងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធន៍ ដើម្បីជាកាលា នុវត្តភាព ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់នឹងវិបត្តិកាន់តែប្រសើរជាងមុន និងជាធាតុចូលដ៏សំខាន់ក្នុងការគិតគួរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះអនាគតនៃវិស័យទេសចរណ៍ សម្រាប់ទាំងអស់គ្នា។

ជាក់ស្តែង សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ សម្រាប់ការពង្រឹងភាពធន់, គាំទ្រ, ជំរុញ និងស្ងោរវិស័យទេសចរណ៍ឡើងវិញ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះ ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាល+ ដំណាក់កាលទី១ (Resilierce & Restart) ជាដំណាក់កាល ភាពធន់នៃវិស័យទេសចរណ៍, ដំណាក់កាលទី២ (Recovery) ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំណាក់កាលទី៣ (Relaunch) ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យ ទេសចរណ៍កម្ពុជា។

ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញលើគ្រប់វិស័យ និងទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្ដើរៗ ហើយរំពឹងថានៅឆ្នាំ២០២២ នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១,៥លាននាក់ ទៅ២លាននាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦។

លោក កៀង ល័ក្ស បានបន្តទៀតថា ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យក្លាយជាវិស័យសេដ្ឋកិច្ច សង្គមដ៏ចម្បងមួយសម្រាប់កម្ពុជា គឺទាមទារឲ្យមានការគិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅ លើការធានាចីរភាពកំណើននៃវិស័យដ៍មានសារៈសំខាន់នេះ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានដឹកនាំចុះសម្អាត អនាម័យ និងរើសសំរាម នៅតាមបណ្ដោយផ្លូវសប៊ិត, ផ្លូវមុខក្រសួងការបរទេស, រង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត, ផ្លូវរដ្ឋសភាថ្មី និងសួនច្បារសម្តេច ហ៊ុន សែន៕