អភិបាលខេត្តកំពង់ធំជំរុញឱ្យមន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ ចូលរួមការដាំដើមឈើឱ្យបានគ្រប់គ្នា


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋគប្បីចូលរួមការដាំដើមឈើឱ្យបានគ្រប់គ្នា ហើយលោកក៏បានលើកទឹកចិត្តដល់គូស្រករថ្មីៗក៏សូមចូលរួមដាំកូនឈើ មួយដើមក្នុងមួយគូៗ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកអភិបាលខេត្តត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរពិធីដាំកូនឈើនៅក្នុងសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ខេត្តកំពង់ធំ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំវល្លិយាវ ស្រុកកំពង់ស្វាយ ដែលរៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍វល្លិយាវខេត្តកំពង់ធំនេះមានផ្ទៃដីសរុប១៥ហិកតា។

លោកអភិបាលខេត្តកំពង់ធំបានបន្តថា ក្រៅពីការដាំកូនឈើនៅសួនអនុស្សាវរីយិ៍អាពាហ៍ពិពាហ៍ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នាដាំដើមឈើឡើងវិញនៅតាមលំនៅដ្ឋាន វត្តអារាម សាលារៀន សួន តាមដងផ្លូវសាធារណៈ ក៏ដូចជាតាមមន្ទីរអង្គភាពជាដើម ដើម្បីលើកស្ទួយស្តារឡើងវិញឱ្យមានភាពល្អប្រសើរ និងបានឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងសកម្ម។

តាមការបញ្ជាក់ពីលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ បច្ចុប្បន្នមានសួនអនុស្សាវរីយ៍ចំនួន៤កន្លែង ផ្ទៃដីប្រមាណ២៧ហិកតា ដែលអាចឱ្យគូស្រុកថ្មីដាំកូនឈើដែលមានទីតាំងស្ថិតនៅក្នុងភូមិតាភោគ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ១កន្លែង (៣ហិកតា) ភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ១កន្លែង (៣ហិកតា) ភូមិត្រពាំងឫស្សី ឃុំពពក ស្រុកស្ទោង ១កន្លែង (១០ហិកតា) និងទីតាំងសួនអនុស្សាវរីយ៍ដែលកំពុងរៀបចំពិធីនៅពេលនេះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប៕