ថ្នាក់ដឹកនាំខេត្តកណ្ដាល ជំរុញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកល្វាឯម បន្ដបង្ក្រាបល្បែងស៉ីសង បទល្មើសគ្រឿងញៀន ដោះស្រាយទំនាស់ដីធ្លី និងយកចិត្តទុកដាក់បម្រើពលរដ្ឋ


ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យប្រចាំខែ លើការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់កន្លងមក និងលើកទិសដៅអនុវត្តបន្តការបង្ក្រាបល្បែងស៊ីសង បទល្មើសគ្រឿងញៀន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការសម្របសម្រួលទំនាស់ដីធ្លី ព្រមទាំងការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងស្រុកល្វាឯម។

កិច្ចប្រជុំនេះ មានការចូលរួមពី តំណាងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ការិយាល័យជុំវិញស្រុក កងកម្លាំងទាំង៣ មេឃុំ និងនាយប៉ុស្តិ៍នគរបាលទាំង១៥ ក្នុងស្រុកល្វាឯម។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ ឯកឧត្តម នុត ពុធដារ៉ា បានធ្វើការណែនាំដល់អង្គប្រជុំ លើការងារសំខាន់ៗដែលត្រូវអនុវត្ត ដូចជា៖

* សូមបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ចំពោះការបង្ក្រាបនូវរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់។ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំកងកម្លាំងទាំងអស់បន្តតាមដានត្រួតពិនិត្យ អនុវត្ត ការបង្ក្រាប និងទប់ស្កាត់កុំឲ្យមានកើតឡើងបទល្មើសនានានៅក្នុងមូលដ្ឋានស្រុក។

ការលេងល្បែងស៊ីសង ហាងបញ្ចាំខុសច្បាប់ គឺជាប្រភពមួយដែលនាំឲ្យកើតមានអំពើរចោរកម្ម លួចឆក់ប្លន់គ្រប់ប្រភេទ ដូច្នេះការបង្ក្រាបល្បែស៊ីសង និងហាងបញ្ចាំខុសច្បាប់ក៏ជាកត្តាកាត់បន្ថយបទល្មើសទាំងនេះផងដែរ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់កុំមានការពាក់ព័ន្ធ ឬអន្តរាគមន៍លើបទល្មើសទាំងនេះ ដែលវាជាអំពើផ្ទុយនឹងច្បាប់ ហើយត្រូវចូលរួមសហការរាយការណ៍ ដើម្បីឈានទៅបង្ក្រាបឲ្យបានទាំងស្រុងក្នុងមូលដ្ឋាន។

* យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ ក្មេងទំនើង បទល្មើសគ្រឿងញៀន កុំឲ្យកើតមានក្នុងមូលដ្ឋាន។

* ការបង្ក្រាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងបង្ខាំងមនុស្សខុសច្បាប់ ទោះក្នុងរូបភាពណាក៏ដោយ ត្រូវលុបបំបាត់ឲ្យបាន។ សូមរដ្ឋបាលស្រុក ធ្វើការសហការ តាមដាន និងស្រាវជ្រាវក្នុងមូលដ្ឋាន កុំឲ្យមានទីតាំងណាមួយមានបង្កប់ការជួញដូរមនុស្ស ឬអាជីវកម្មផ្លូវភេទជាដាច់ខាត។

* ចំពោះការដោះស្រាយទំនាស់ដីធ្លីនានានៅក្នុងស្រុក ឃើញថារដ្ឋបាលស្រុក ឃុំ និងអង្គភាពពាក់ព័ន្ធកន្លងមកបានអនុវត្តបានល្អប្រសើរ ដោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះករណីដែលនៅសេសសល់ សូមបន្តយកចិត្តទុកដាក់ សម្របសម្រួលឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។

* ការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅថ្នាក់ស្រុកមានការិយាល័យច្រកចេញចូលតែមួយស្រុក ហើយនៅថ្នាក់ឃុំ មានយន្តការច្រកចេញចូលតែមួយ ដែលមានតារាងតម្លៃសេវា និងរយៈពេល នៃការផ្តល់សេវាត្រឹមត្រូវតាមការកំណត់ជូនប្រជាពលរដ្ឋ សូមជំរុញការអនុវត្តយន្តការច្រកចេញចូលតែមួយឲ្យមានប្រសិទ្ធភាព និងត្រូវផ្សព្វផ្សាយពីតារាងតម្លៃសេវា និងរយៈពេលផ្តល់សេវា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រាប។ អ្នកដែលបម្រើសេវា អ្នកប្រគល់ទទួលឯកសារ ត្រូវមានអត្តចរិតសុភាពរាបសារ សម្តីទន់ភ្លន់ រួសរាយរាក់ទាក់ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរីករាយក្នុងការទទួលសេវាពីរដ្ឋបាលស្រុក ឃុំ។

* ចំពោះការធ្វើឯកសារអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សូមលោកមេឃុំ ក្រុមប្រឹក្សាឃុំ ចុះធ្វើជូនប្រជាពលរដ្ឋឲ្យបានដល់ខ្នងផ្ទះ ដើម្បីជាការបង្ខិតសេវាឲ្យកាន់តែកៀកជិតជាមួយប្រជាពលរដ្ឋ និងធ្វើឲ្យពលរដ្ឋកាន់តែមានភាពរីករាយគាំទ្រដល់ការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន។

* ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សូមលោកអធិការ លោកនាយប៉ុស្តិ៍នគរបាល បន្តជំរុញផ្តល់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

* បញ្ហាអនាម័យបរិស្ថានក្នុងមូលដ្ឋាន សូមស្រុក ឃុំ ណែនាំដល់ប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការចោលពាសវាលពាសកាល។

* ជំរុញការស្រង់ស្ថិតិ និងបញ្ចូលទិន្នន័យគ្រួសារងាយរងគ្រោះ ដើម្បីផ្តល់ការឧបត្ថម្ភគាំទ្រ។

* សូមជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងអ្នកដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅសាលាឃុំ ដែលពួកគាត់កំពុងរស់នៅ៕