ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាន និងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរកិច្ចជាតិ និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានឱ្យដឹងថា មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំនេះ ត្រូវបានដាក់ចេញដោយអនុលោមទៅតាមមូលបទរបស់រាជរដ្ឋាភិបាល «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

អ្នកឧកញ៉ា បានគូសរំលេចថា តំបន់អាស៊ីអាគ្នេយ៍ កំពុងតែស្ថិតក្នុងពេលវេលាដ៏ប្រឈម។ ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ២០២២។ ដោយសារតែសេដ្ឋកិច្ច កំពុងតែព្យាយាមជម្នះត្រឡប់មកសភាពដើមវិញ គឺជាការចាំបាច់ដែលត្រូវសហការគ្នា មិនត្រឹមតែរួមគ្នាដោះស្រាយបញ្ហាប្រឈមប៉ុណ្ណោះទេ គឺថែមទាំងរួមគ្នារៀបចំអនាគតផងដែរ ដែលមានលក្ខណៈឌីជីថល និង មិនប៉ះពាល់ដល់អាកាសធាតុ។

ផ្អែកលើគោលការណ៍ខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនាពេលនេះ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីរឿងដែលកំពុងកើតឡើងនៅអាស៊ាន និងបញ្ហាគន្លឹះដែលត្រូវស្វែងយល់សម្រាប់ផែនការឆ្នាំ២០២៣។

អ្នកឧកញ៉ា បានឱ្យដឹងដែរថា មានកិច្ចពិភាក្សាចំនួនបួនលើកត្រូវលើកមកពិភាក្សា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់។ កិច្ចពិភាក្សានេះ នឹងមានការអញ្ជើញចូលរួមដោយ អ្នកជំនាញមកពីប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន។ កិច្ចពិភាក្សាទាំង៤នោះរួមមាន៖
១៖ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាស៊ាន
២៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការវិនិយោគនៅអាស៊ាន
៣៖ ការត្រៀមសម្រាប់ឌីជីថលអាស៊ាន
៤៖ អាស៊ានដែលបៃតងជាងមុន និងប្រកបដោយចីរភាព

អ្នកឧកញ៉ា គិត ម៉េង បង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំនេះ នឹងផ្តល់ចំណេះដឹង ព័ត៌មានស៊ីជម្រៅ និង ការយល់ដឹងកាន់តែច្បាស់លាស់សម្រាប់ត្រៀមលក្ខណៈអាជីវកម្ម ឆ្នាំ២០២៣ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា៕