សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើលិខិតជូនពរ លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ក្នុងឱកាសចម្រើនជន្មាយុ


សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតជូនពរ  ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា។

ក្នុងលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង បានលើកឡើងថា «ខ្ញុំ និងភរិយា សូមសម្ដែងនូវមនោសញ្ចេតនាអំណរសាទរសប្បាយរីករាយ ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន សុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ខ្ញុំសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ធំធេងរបស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបុព្វហេតុចូលរួមកសាងប្រទេសជាតិពីបាតដៃទទេ រហូតទទួលបានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ បម្រើជាតិ និងប្រជាជន តាមរយៈការដឹកនាំការងារទំនាក់ទំនងការទូត និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឱ្យ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ត្រូវបានលើកតម្កើងលើឆាកអន្តរជាតិជាបន្តបន្ទាប់»។

ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្តី សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុ ស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕