មន្ត្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជា៖ យុវជនកម្ពុជាភាគច្រើននៅមានទស្សនៈអវិជ្ជមាន ចំពោះការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ


ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា សព្វថ្ងៃនៅកម្ពុជាមានកម្លាំងពលកម្មយុវជនវ័យក្មេងរាប់ម៉ឺននាក់ បានប្រឡូកចូលទីផ្សារកម្លាំងពលកម្ម ជារៀងរាល់ឆ្នាំ ទាំងក្នុងស្រុក និងក្រៅស្រក។ ប៉ុន្តែកម្លាំងពលកម្មទាំងនោះ ក៏នៅមានកម្រិតទាប ទាំងការអប់រំ និងជំនាញ ហើយយុវជនភាគច្រើននៅមានទស្សនៈអវិជ្ជមាន ចំពោះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាជំរើសទីពីរ បន្ទាប់ពីថ្នាក់មហាវិទ្យាល័យ ឬសម្រាប់តែជនក្រីក្រខ្វះលទ្ធភាព សម្រាប់ជនងាយរងគ្រោះ និងសម្រាប់សិស្សបោះបង់ការសិក្សា។

ការបញ្ជាក់បែបនេះ របស់ឯកឧត្តម សូត្រ សំណាង បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបិទសិក្ខាសាលា ស្តីពី «សារៈសំខាន់នៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា» នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ថាពិតជាមានភាពចាំបាច់ នៅក្នុងការអភិវឌ្ឍជំនាញឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរឡើង។ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តដល់ យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងបានចាត់ទុកការអភិវវឌ្ឍន៍ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់ក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ ដើម្បីឱ្យពលរដ្ឋឆ្លើយតបទីផ្សារការងារ និងមានជីវភាពកាន់តែល្អប្រសើរក្នុងសម័យបច្ចេកវិទ្យា។

ឯកឧត្តម សូត្រ សំណាង បានបន្តថា ក្នុងន័យនេះ គោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧- ២០២៥ បានបង្ហាញថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឱ្យអ្នកសិក្សាទទួលបានចំណេះដឹង ជំនាញបច្ចេកទេស ជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាពលករជំនាញ អ្នកបច្ចេកទេស ហើយព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីប្រទេសកម្ពុជាឈានចេញពីចំណោមក្រុមប្រទេសក្រីក្រមកជា «ប្រទេសមានចំណូលមធ្យមកម្រិតទាប» ហើយប្រែក្លាយទៅជា «ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់» នៅឆ្នាំ២០៣០ និងឱ្យក្លាយជា «ប្រទេសអភិវឌ្ឍ» នៅឆ្នាំ២០៥០ ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សព្វថ្ងៃ យើងសង្កេតឃើញថា នៅកម្ពុជាយើងមានកម្លាំងពលកម្មយុវជនវ័យក្មេងរាប់ម៉ឺននាក់ បានប្រឡូកចូលទីផ្សារកម្លាំងពលកម្ម ជារៀងរាល់ឆ្នាំ ទាំងក្នុងស្រុកនិងក្រៅស្រក។ ប៉ុន្តែកម្លាំងពលកម្មទាំងនោះ ក៏នៅមានកម្រិតទាប ទាំងការអប់រំ និងជំនាញ ហើយយុវជនភាគច្រើននៅមានទស្សនៈអវិជ្ជមាន ចំពោះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាជំរើសទីពីរ បន្ទាប់ពីថ្នាក់មហាវិទ្យាល័យ ឬសម្រាប់តែជនក្រីក្រខ្វះលទ្ធភាព សម្រាប់ជនងាយរងគ្រោះ និងសម្រាប់សិស្សបោះបង់ការសិក្សា។ល។និង។ល។ ក្នុងន័យនេះ យើងចង់ប្រែក្លាយឱ្យយុវជនយើងពីការលក់ពលកម្ម ទៅជាការលក់ជំនាញពិតប្រាកដវិញ»

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា តាមរយៈអង្គសិក្ខាសាលាថ្ងៃនេះ អាចជាសារមួយ ដាស់យុវជន ឱ្យគិតពិចារណាឡើងវិញ ក្នុងការចាប់យកជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារ ដោយសារការសិក្សាជំនាញនេះចំណាយថវិកាតិច រយៈពេលសិក្សាខ្លី (រយៈពេលសិក្សាអាចពី៣ខែ ទៅ៦ខែតាមមុខជំនាញនីមួយៗ) និងមានទីផ្សារការងារសម្បូរបែប ដូចជា ក្នុងវិស័យសំណង់ ទេសចរណ៍ កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ជាដើម ដោយឈរលើក្នុងទស្សនៈថា យុវជនម្នាក់ជំនាញមួយ, ឬថា មានជំនាញពិត ជិវិតកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET នេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ តាមរយៈការផ្តល់ជំនាញដល់ប្រជាជនដែលមិនទទួលបានការអប់រំ សិស្សអនុវិទ្យាល័យ/វិទ្យាល័យដែលបោះបង់ការសិក្សា ស្ត្រីមេផ្ទះ ហើយសូម្បីតែមនុស្សវ័យចំណាស់ ក៏មានលទ្ធភាពរកចំណូលបានដូចគ្នា។

«អ្វីដែលរឹតតែសំខាន់មួយទៀត ក្នុងទីផ្សារការងារបច្ចុប្បន្ន និងក្នុងពេលអនាគត គឺត្រូវការបុគ្គលិកដែលមានជំនាញ និងបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ និងមានស្តង់ដារ ដូចប្រទេសជឿនលឿនដទៃ ដើម្បីឱ្យលទ្ធផលការងារកាន់តែមានប្រសិទ្ធិភាព និងគុណភាព។ កាលណាមនុស្សម្នាក់ៗមានជំនាញច្បាស់លាស់ ពួកគេក៏អាចរកចំណូលបានសមរ្យសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ ហើយបើគ្រួសារនីមួយៗសុទ្ធតែមានចំណូល នោះសេដ្ឋកិច្ចជាតិទាំងមូលក៏មានការរីកចម្រើនដូចគ្នាផងដែរ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម សូត្រ សំណាង៕