ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើប្រជាពលរដ្ឋសហគមន៍ថា ក្នុងនាមជាអ្នកម្ចាស់ស្រុក ត្រូវចូលរួមអភិរក្សថែរក្សា និងខិតខំអភិវឌ្ឍតំបន់ប្រាសាទសំបូរព្រៃគុក ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើន និងត្រូវរៀបចំផ្ទះស្នាក់ (Home Stay) សេវាមគ្គទេសក៍ និងសេវាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីត្រៀមខ្លួនទទួលទេសចរ ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។
ឯកឧត្តមរដ្ឋមន្ត្រីទទូចយ៉ាងដូច្នេះ នាឱកាសអញ្ជើញចុះជួបប្រជាសហគមន៍ និងសិស្សានុសិស្ស ក្នុងកិច្ចប្រជុំបូកសរុបការងារសហគមន៍ទេសចរណ៍ នៅតំបន់ប្រាសាទសំបូរព្រៃគុក និងគម្រោងផែនការរអភិវឌ្ឍទេសចរណ៍នៅតំបន់នេះទៅអនាគត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ឯកឧត្តមបានបន្តថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់បុព្វបុរសខ្មែរ ពីសំណាក់សហគមន៍អន្តរជាតិ និងកំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ពិសេសតំបន់ប្រាសាទសំបូរព្រៃគុកនេះ ក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋម្ចាស់ស្រុកចាំបាច់ត្រូវខិតខំអភិរក្ស និអភិវឌ្ឍតំបន់នេះ ប្រកបដោយនិរន្តរភាព បង្កើតផលិតផលទេសចរណ៍ថ្មី មានផ្ទះស្នាក់ជាលក្ខណៈប្រពៃណី មានសេវាបម្រើគ្រប់គ្រាន់ ប្រកបដោយគុណភាព និងការផ្តល់ការពេញចិត្តដល់ទេសចរ ព្រោះបើមានការពញចិត្ត ពេលត្រលប់ទៅវិញពួកគាត់នឹងផ្សព្វផ្សាយបន្តដល់មិត្តភក្តិ គ្រួសារ បងប្អូនបន្តទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំថា ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវចូលចាប់ពីផ្លូវបំបែក ត្រូវរៀបចំភូមិ លំនៅដ្ឋានរបស់ខ្លួន មានអនាម័យស្អាតល្អ ទាំងនៅលើផ្ទះ ក្រោមផ្ទះ ជុំវិញផ្ទះ លម្អដោយការដាំផ្កា មានរបងមុខផ្ទះ មានក្លោងទ្វារចូលផ្ទះ ព្រមទាំងរៀបចំឲ្យមានទទួលសេវាម្ហូបអាហារ បន្លែ ផ្លែឈើ ធម្មជាតិ ដែលតាមរយៈសេវាទាំងនេះ ប្រជាពលរដ្ឋសហគមន៍យើង អាចទទួលបានចំណូលច្រើនបន្ថែមទៀត ក្រៅពីការផលិតផលិតផលសិប្បកម្មអនុស្សាវរិយ៍ផ្សេងៗ ដែលបងប្អូនកំពុងអនុវត្តសព្វថ្ងៃ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមពីគម្រោងអភិវឌ្ឍទេសចរណ៍ជាច្រើន ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារ និងឱកាសបង្កើនប្រាក់ចំណូលសម្រាប់សហគ្រាសខ្នាតតូច សិប្បកម្មខែ្មរ និងផលិតផលក្នុងស្រុកផ្សេងទៀត ដែលជួយធ្វើឲ្យមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ដ្រី។