ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាជាករណីជាក់ស្តែងមួយដែលបង្ហាញថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចាំបាច់សម្រាប់ការកសាងមូលដ្ឋានសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម


(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថា គន្លឹះបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការពង្រឹងសមត្ថភាពផលិតភាព និងការសម្រួលបរិវត្តកម្មរចនាសម្ព័ន្ធរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលសហការរៀបចំដោយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN ESCAP) សន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) និងគណៈកម្មាធិការជាតិអេស្កាប់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្នុងគោលបំណងឆ្លើយទៅនឹងការកើនឡើង នៃតម្រូវការរបស់ប្រទេសមានការអភិវឌ្ឍន៍តិចតួចក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក កសាងសមត្ថភាពផលិតដើម្បីធានាថា ខ្លួនអាចធ្វើបរិវត្តកម្មរចនាសម្ព័ន្ធ សេដ្ឋកិច្ចប្រកបដោយ ប្រសិទ្ធភាព អាចចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចដោយបន្តរក្សាសន្ទុះកំណើន និងអាចចូលរួមក្នុងដំណើរការសេដ្ឋកិច្ចសាកល ក្នុងនាមជាដៃគូឋិតថេរក្នុងផ្នែកដែលមានតម្លៃបន្ថែមខ្ពស់។ វាក៏បង្ហាញពីសកម្មភាពបន្តនៅក្នុងកម្រិតជាតិ ដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក គាំទ្រដល់បរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការតំបន់។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានសមាសភាពអ្នកចូលរួមពីគណៈប្រតិភូមកពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលរួមមាន៖ បង់ក្លាដែស ប៊ូតាន ឡាវ នេប៉ាល់ ទីម័រឡេស្តេ និងរួមទាំងកម្ពុជាផងដែរ។

ទាក់ទងនឹងប្រធានបទសិក្ខាសាលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានចែករំលែកទស្សនៈផ្ទាល់ខ្លួនអំពីកត្តាដែលចូលរួមដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយលោកបានលើកឡើងថា កម្ពុជាគឺជាករណីជាក់ស្តែងមួយដែលបង្ហាញថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចាំបាច់សម្រាប់ការកសាងមូលដ្ឋានសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា បន្ទាប់ពីទទួលបានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ និងមុនការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាទីកត់សម្គាល់ ដោយបានងាកចេញពីវិស័យកសិកម្ម ដោយសារការរីកលូតលាស់នៃវិស័យឧស្សាហកម្ម ពោលគឺការនាំចេញសម្លៀកបំពាក់ និងការរីកលូតលាស់នៃវិស័យសេវាកម្ម ដោយការរីកចម្រើននៃវិស័យទេសចរណ៍។ កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ ក្នុងចន្លោះឆ្នាំ ១៩៩៨ និង២០១៩ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍលឿនបំផុតក្នុងពិភពលោក។ អត្រាភាពក្រីក្រនៅកម្ពុជាបានបន្តធ្លាក់ចុះពី ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៧,៨% ក្នុងឆ្នាំ ២០១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ភាពរុងរឿងរបស់កម្ពុជា ដែលរួមមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងភាពប្រសើរឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលយើងកំពុងមាននាពេល បច្ចុប្បន្ន មិនមែនបានមកដោយចៃដន្យនោះទេ តែវាជាលទ្ធផលនៃគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងលើកកម្ពស់បរិយាប័ន្ន សម្រាប់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងនិន្នាការនយោបាយ។ ប្រទេសកម្ពុជា បានទទួលសន្តិភាព និងការផ្សះផ្សាជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ១៩៩៨ ហើយសង្រ្គាមដែលអូសបន្លាយជាង ៣០ ឆ្នាំបានបញ្ចប់នៅពេលដែលខ្មែរក្រហមបានបាក់បែក និងចូលរួមជាមួយរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីវិបត្តិមួយចំនួន ដែលក្នុងនោះមានដូចជា វិបត្តិជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ​សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជម្លោះប្រដាប់អាវុធ ភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ដែលទាំងអស់នេះគឺជាសម្ពាធដ៏ខ្លាំងមកលើសន្តិភាព និងសន្តិសុខពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានកំណើនអវិជ្ជមាន ក៏ប៉ុន្តែវាបានចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗក្នុងឆ្នាំ ២០២១ និង ២០២២។ ការចាកចេញពីឋានៈ ប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបរបស់កម្ពុជាក្នុងឆ្នាំ២០១៥ ក៏ជាសញ្ញាមួយបង្ហាញថា កម្ពុជានឹងអាចសម្រេចបានឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។

នាឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពី «ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥» ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ដើម្បីបង្កើនការទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម និងលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ចជាតិរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងដោះស្រាយបញ្ហាប្រឈម និងហានិភ័យនៃការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ សកលផងដែរ។ ក្របខណ្ឌគោលនយោបាយនេះ បានកំណត់ចក្ខុវិស័យកសាង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរ សំដៅពង្រឹងសន្តិសុខ សេដ្ឋកិច្ច និងសុខុមាលភាពសង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន និងត្រូវសម្រេចឱ្យបានក្នុងរយៈពេល ១៤ឆ្នាំខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាត្រូវការការចូលរួម និងគាំទ្រពីដៃគូអន្តរជាតិគ្រប់ទិសទី ហើយសមិទ្ធិផលជាច្រើនដែលកម្ពុជាសម្រេចបាននាពលកន្លងមក បានបង្ហាញឱ្យឃើញថា ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពិតជានាំមកនូវភាពជោគជ័យ ហេតុនេះ ឆ្ពោះទៅមុខបន្តទៀត វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបានគោលដៅកំណត់ដោយរាជរដ្ឋាភិបាល។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបង្ហាញពីក្តីសង្ឃឹមដ៏មុតមាំរបស់ឯកឧត្តមសម្រាប់ការពង្រឹងពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងសាមគ្គីភាពអន្តរជាតិសម្រាប់ពិភពលោក ដើម្បីទទួលបានជ័យជម្នះលើវិបត្តិកូវីដ-១៩ ជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នាសម្រាប់ទាំងអស់គ្នា៕