ឯកឧត្តម ឯម ច័ន្ទមករា៖ ស្ត្រី និងកុមារីមានពិការភាពទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ!


ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីចំណេះដឹងមូលដ្ឋាននូវភាពប្រទាក់ក្រឡានៃការអនុវត្តរវាងយេនឌ័រនិងពិការភាព និងជំនាញចចារដល់ស្ត្រីមានពិការភាព នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តមបានលើកឡើងថា ក្រសួងសង្គមកិច្ច និងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថា ស្ត្រីនិងកុមារី ជាពិសេសស្ត្រីនិងកុមារីមានពិការភាពទាំងអស់ឱ្យទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ ហើយជំរុញឱ្យពួកសំឡេងរបស់ពួកគេត្រូវបានដាក់ចូលទៅក្នុងដំណើរការធ្វើការសម្រេចចិត្ត។ ការបេ្តជ្ញាចិត្តរបស់ក្រសួងសង្គមកិច្ចបែបនេះនៅក្នុងឱកាស ឯកឧត្តមតំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងវគ្គបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋាននូវភាពប្រទាក់ក្រឡានៃការអនុវត្តរវាងយេនឌ័រនិងពិការភាព និងជំនាញចចារដល់ស្ត្រីមានពិការភាព។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវការធានាសមភាពយេនឌ័រសម្រាប់ស្ត្រីមានពិការភាពដែលត្រូវបានកំណត់ក្នុងទិសដៅជាយុទ្ធសាស្រ្ដទី៧ ដែលបានបង្ហាញពីចក្ខុវិស័យច្បាស់លាស់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ សម្រាប់ការពង្រឹងអំណាចរបស់ស្ត្រីមានពិការភាពនិងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន។
ទន្ទឹមនេះឯកឧត្តម ឯម ច័ន្ទមករា បានអះអាងថា ក្រសួងសង្គមកិច្ចទទួលស្គាល់យ៉ាងច្បាស់ថាស្ត្រីនិងកុមារីដែលមានពិការភាពទូទាំងពិភពលោក បានជួបប្រទះបញ្ហាយេនឌ័រ ពិការភាព និង ភាពក្រីក្រទទួលរងនូវការមាក់ងាយ ការរើសអើង និងរងនូវអំពើហឹង្សាជាច្រើនរូបភាព បើប្រៀបធៀបទៅនឹងបុរសដែលគ្មានពិការភាពនិងស្ត្រីដែលគ្មានពិការភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឯកឧត្តមបានបន្ថែមថា នៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ទិសដៅជាយុទ្ធសាស្រ្តទី៧ បានផ្តោតទាំងស្រុងទៅលើបញ្ហាយេនឌ័រនិងការបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីដែលមានពិការភាព ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសិទ្ធិរបស់ស្ត្រីនិងកុមារីមានពិការភាព និង ទប់ស្កាត់នូវរាល់គ្រប់ទម្រង់នៃវិសមភាពយេនឌ័រ។
ជាចុងបញ្ចប់ឯកឧត្តមបានថ្លែងថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងក្លាយជាបច្ច័យគំនិតដែលធ្វើឱ្យក្មួយៗស្ត្រីដែលមានពិការភាពដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ អាចយកទៅជជែក ចចារ ស្វែងរកការគាំទ្រ ដើម្បីទទួលបានសិទ្ធិយ៉ាងពេលលេញហើយក្លាយជាការពិត ដើម្បីឈានទៅរក ការលប់បំបាត់នូវរាល់ការរើសអើងនិងអំពើហឹង្សាគ្រប់រូបភាព»។