មន្ដ្រីរាជការចំនួន១៦រូប ទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសណូវែលហ្សេឡង់


នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មន្ត្រីរាជការមកពីតាមបណ្តាក្រសួង ស្ថាប័នផ្សេងៗ ចំនួន១៦រូប ដែលទទួលបានជ័យលាភីអាហារូបករណ៍ New Zealand Awardees ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Decree) នៅតាមបណ្តាសាកលវិទ្យាល័យនានា ក្នុងប្រទេសណូវែលហ្សេឡង់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំនូវបណ្តាំសួរសុខទុក្ខ ការជូនពរ និងកោតសរសើរពីសំណាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងទាំងអស់ ជូនដល់និស្សិតជ័យលាភី និងបានជម្រាបជូនពីតួនាទី ភារកិច្ចមួយចំនួនរបស់ក្រសួង។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ ក៏បានផ្តល់ជូននូវអនុសាសន៍៧ចំណុច ដើម្បីក្លាយជានិស្សិតល្អ និងជានិស្សិតជោគជ័យសម្រាប់សិក្សានៅក្រៅប្រទេសក្នុងនោះ រួមមាន៖

*ទី១៖ ការត្រៀមរៀបចំគ្រឿងឧបទេសក៍ និងសម្ភារ: បរិក្ខារចាំបាច់នានា រួមទាំងថ្នាំពេទ្យ ម៉ាស់ អាល់កុល ជាដើមសម្រាប់សិក្សារៀនសូត្រ និងថែរក្សាសុខភាពផ្ទាល់ខ្លួន

*ទី២៖ បង្កើតគ្រុបតេឡេក្រាម ឬ WhatsAPP ជាមួយនិស្សិតខ្មែរដូចគ្នា (ជាពិសេសជាមួយនិស្សិតរៀមច្បង) ទោះបីសិក្សានៅសាកលវិទ្យាល័យផ្សេងៗគ្នាក៏ដោយ ដើម្បីដឹងសុខទុក្ខ និងចែករំលែកបទពិសោធន៍ និងជួយគ្នាក្នុងករណីចាំបាច់ ស្របតាមពាក្យចាស់បុរាណខ្មែរយើង នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ

*ទី៣៖ យល់ដឹងពីចំណេះដឹងទូទៅពីប្រវត្តិសាស្រ្តរបស់កម្ពុជា ជាពិសេសសុខសន្តិភាព សុវត្ថិភាព ភាពជោគជ័យ នៃការគ្រប់គ្រង និងរស់នៅជាមួយជំងឺកូវីដ១៩ និងការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីណែនាំមិត្តភក្តិបរទេសឲ្យបានដឹង និងស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត

*ទី៤៖ ធ្វើជាឯកអគ្គរាជទូត នៃទំនាក់ទំនងមិត្តភាព សេដ្ឋកិច្ច សង្គម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងណូវែលហ្សេឡង់ ក្នុងនាមជាយុវជនទំពាំងស្នងឬស្សី ដោយម្នាក់ៗសុទ្ធតែជាមន្ត្រីរាជការមកពីតាមក្រសួង ស្ថាប័នដូច្នេះទំនាក់ទំនងមិត្តភាពមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាងសង្គម និងសេដ្ឋកិច្ចយើង ឲ្យកាន់តែល្អប្រសើរ ជាពិសេសណែនាំមិត្តភក្តិបរទេសឲ្យស្គាល់ពីតំបន់ទេសចរណ៍ល្បីៗនៅកម្ពុជា ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ធម្មជាតិនានា និងអញ្ជើញពួកគាត់មកទស្សនានៅប្រទេសយើង

*ទី៥៖ រៀនស្គាល់ពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្លះៗរបស់ប្រទេសណូវែលហ្សេឡង់ ដើម្បីងាយស្រួលរស់នៅ និងសម្របខ្លួន ក៏ដូចជាត្រូវស្វែងយល់ពីយុទ្ធសាស្រ្ត នៃភាពជាអ្នកដឹកនាំជោគជ័យរបស់ប្រទេសនេះទាំង នៅក្នុងស្ថាប័នរដ្ឋ និងឯកជន

*ទី៦៖ ត្រូវខិតខំរៀនសូត្រឲ្យបានពូកែ និងអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ឲ្យកាន់តែមានកម្រិតខ្ពស់ក្នុងនាមតំណាងជាតិខ្មែរមួយរូបៗ ដើម្បីឲ្យនិស្សិតបរទេសបានស្គាល់ទង់ជាតិយើង តាមរយ:ភាពតំណាងជានិស្សិតរបស់យើង នៅតាមសាកលវិទ្យាល័យនីមួយៗ

*ទី៧៖ យកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងអស់ ដែលបានពីការរៀនសូត្រទាំងក្នុងសាកលវិទ្យាល័យ និងនៅក្នុងសង្គមណូវែលហ្សេឡង់ ជាក់ស្តែងយកមកអនុវត្តឲ្យចំគោលដៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ បង្កើនសមត្ថភាពរបស់ខ្លួនពេលត្រឡប់មកវិញដើម្បីបម្រើជាតិ មាតុភូមិរបស់យើងឲ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃរបស់ក្រសួង ស្ថាប័នរៀងៗខ្លួន ស្របតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលថាបច្ចុប្បន្ននេះ ធនធានមនុស្ស គឺជាកត្តាចលករសំខាន់ទី១ ក្នុងកត្តាចលករទាំង៤ (មនុស្ស ទឹក ផ្លូវ ភ្លើង) ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងមាតុភូមិជាទីស្នេហា នៃយើង។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងថ្នាក់ដឹកនាំក្រសួងបានជូនពរដល់និស្សិតជ័យលាភីទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួន និងបានប្រគល់ថវិកាលើកទឹកចិត្តរបស់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ព្រមទាំងក្រម៉ាខ្មែរមួយចំនួនជូនដល់និស្សិតទាំងអស់ផងដែរ៕