រាជរដ្ឋាភិបាលគ្រោងទម្លាក់ថវិកា ១០០លានបន្ថែមដល់ធនាគារ SME នៅឆ្នាំ២០២៣


(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានថ្លែងថា នៅឆ្នាំ២០២៣ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា គ្រោងថវិកាប្រមាណ ១០០លានបន្ថែម ដើម្បីផ្តល់ជូនដល់ធនាគារ SME សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

ជមួយគ្នានេះ ឯកឧត្ដមបញ្ជាក់បន្ថែមថា ប្រសិនសិនភាពសេដ្ឋកិច្ចនៅជួបការលំបាក ប្រសិនបើមានតម្រូវការអន្តរាគមន៍បន្ថែម ពីរដ្ឋាភិបាលដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចរបស់ សហគ្រាសធុនតូច និងមធ្យម នោះធនាគារ SME នឹងដាក់ឲ្យអនុវត្តនូវកម្រោងសហហិរញ្ញប្បទាពទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ៣ (SCFS III) បន្តទៀត បន្ទាប់ពីជំហានបានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រឹងអាជីវកម្មឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិ កូវីដ១៩។

ឯកឧត្ដមគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងករណី ស្ថានភាពសេដ្ឋកិច្ចនៅបន្តជួបការលំបាក រាជរដ្ឋាភិបាល នឹងបន្តពិនិត្យលទ្ធភាពក្នុងបង្កើតគម្រោងសហហិរញ្ញប្បទានថ្មី ប៉ុន្តែសម្រាប់ឆ្នាំបន្តទៀតនេះ ក៏យើងមានកម្មវិធីផ្តល់ជាកម្ចីដោយផ្ទាល់ពីធនាគារ SME ដោយមិនឆ្លងតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៅក្នុងវិស័យអទិភាព ដូចជាកម្មវិធីពាក់ព័ន្ធជាមួយសហគ្រិនស្រ្តី ទី២.វិស័យអទិភាពដូចជា វិស័យកសិឧស្សាហកម្ម ការកែច្នៃជាដើម ក្នុងអត្រាការប្រាកើល្អប្រសើរសម្រាប់ពួកគាត់ ហើយមានកម្មវិធីមួយទៀត សម្រាប់អាជីវកម្ម Start up»

ឯកឧត្ដមបន្ថែមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធ នឹងបន្តចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាលឲ្យកាន់តែសកម្មបន្ថែមទៀត»

ឯកឧត្ដមសង្កេតឃើញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅ នៅតែមានតម្រូវការហិរញ្ញប្បទានច្រើន សម្រាប់រក្សាលំនឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ ជាមួយគ្នានេះ ក្រៅពីការផ្តល់ហិរញ្ញប្បទាន លោកក៏ចង់ឱ្យធនាគាររដ្ឋមួយនេះ ជួយអភិវឌ្ឍន៍ និងលើកស្ទួយធុរកិច្ចរបស់ម្ចាស់សហគ្រាសផងដែរ។

គួរជម្រាបថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩៕