រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២


ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជា ពុំ ប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ធំ តំណាងរដ្ឋបាលក្រុង ស្រុក តំណាងមន្ទីរពាក់នានាជុំវិញខេត្ត ព្រមទាំងក្រុមការងារគណៈកម្មការជាតិរៀបចំការបោះឆ្នោតថ្នាក់ស្រុកជាច្រើនរូបចូលរួមផងដែរ។

ឯកឧត្តម ជា ពុំ បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែតុលារហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយចាប់ផ្ដើមធ្វើនៅសាលាឃុំ សង្កាត់ បន្ទាប់មកចល័តទៅតាមភូមិតាមប្រតិទិនឃុំ សង្កាត់ជាក់ស្ដែង និងមកបញ្ចប់វិញនៅសាលាឃុំ សង្កាត់ និងបិទ៣ថ្ងៃ សម្រាប់ធ្វើការប្រជុំជាមួយភាគីពាក់ព័ន្ធដោយចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី០២ ខែធ្នូ។

ឯកឧត្តមបន្តថា អ្នកមកពិនិត្យឈ្មោះ និងចុះបោះឆ្នោតអាយុ១៨ឆ្នាំឡើងចំនួន ៥០៧,២២១នាក់ បញ្ជីប៉ាន់ស្មានឆ្នាំ២០២១ មានចំនួន ៤៣១,៧៧៦នាក់។

ឯកឧត្តម ជា ពុំ បានបន្តថា បញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឃុំសង្កាត់និងធ្វើការបិទផ្សាយនៅតាមឃុំសង្កាត់នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការនាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំ ឯកឧត្តម សុខ ហៃ បានលើកឡើង៣ចំណុច៖

ទី១៖ ថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២៣ គឺជាការបិទបញ្ជីបោះឆ្នោតដំបូងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការផ្ទៀងផ្ទាត់ពិនិត្យឱ្យបានល្អិតល្អន់ថាទើបញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ច​របស់ខ្លួនបានត្រឹមត្រូវច្បាស់លាស់ហើយ ឬនៅ? ប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយត្រូវធ្វើការសហការ និងកែតម្រូវឱ្យបានទាន់ពេលវេលា ពីព្រោះគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងបិទបញ្ជីផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ទី២៖ គ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរក្សាឱ្យបាននៅការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដោយរក្សាឱ្យបាននូវសុខសុវត្ថិភាព។

ទី៣៖ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវធ្វើយ៉ាងណាជំរុញដល់អាជ្ញាធរឃុំ សង្កាត់ ធ្វើការសហការ និងសម្របសម្រួលការងារដល់តំណាងគណបក្សនយោបាយ ដើម្បីចៀសវាងមានការរិះគន់នៅសកម្មភាពអសកម្មមួយចំនួនដែលកើតឡើងពីមន្ត្រីមូលដ្ឋាន។

ឯកឧត្តម សុខ ហៃ សំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាចូលរួមសហការគ្នាឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបាន៕